ខេត្តរតនគិរី៖ កាលពីវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា ធ្វើឲ្យឲ្យជនរងគ្រោះបែកលលាដ៍ក្បាលនិងខួរខ្ទៀតពេញចិញ្ចើមផ្លូវគួរឲ្យសង្វេគ ដែលករណីគ្រោះថ្នាក់នេះបានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៧៨ស្ថិតនៅក្នុងភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។

នាយប៉ុស្តិ៍រដ្ឋបាលឃុំទីងចាក់លោក ខាំ ស៉ី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ តាច ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិ ថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ជិះម៉ូតូម្នាក់ឯង១គ្រឿងម៉ូតូម៉ាក វី វ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ក 7726 ប.ជ ក្នុងទិសដៅពីលិចទៅកើត។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា មុនពេលជនរងគ្រោះស្លាប់ ប្រពន្ធរបស់គាត់បានជេរ​គាត់ជារៀងរាល់​ថ្ងៃ ថែមទាំងដាក់ទំនាយថា(អាឡានបុក បុកមែន)ឈ្លោះគ្នាមិនលួសថ្ងៃឡើយ។ ប្រភពបានបន្តថា ជនរងគ្រោះជិះម៉ូតូមកពីស្រុកអូរជុំ ទៅធ្វើការសំណង់​នៅភូមិលុងឃុង ស្រុកបរកែវ មិនទាន់ទៅដល់ផងក៏ស្លាប់នៅពាក់កណ្តាលផ្លូវតែម្តង។

រីឯរថយន្តកែច្នៃ១គ្រឿងម៉ាកឡង់គ្រីស័រ កាត់ទ្រុង ក្បាលពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-0723 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបានស្រមោល បន្សល់ទុករថយន្តនៅនិងកន្លែងកតហេតុ បើកបរក្នុងទិសដៅពីកើតមកលិច។

ក្រោយកើតហេតុសពជនរងគ្រោះ កម្លាំងប៉ុស្តិ៍បានធ្វើការប្រគល់ទៅឲ្យសាច់ញាតិដើម្បីយកទៅបុណ្យទៅតាមប្រពៃណី ចំណែកកម្លាំងជំនាញបានចុះមកធ្វើការវាស់វែងបានដកហូតមធ្យោបាយទាំងពីរគ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍ឃុំទីងចាក់ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕