ភ្នំពេញ៖ អគារ​​កម្ពស់​​៤៥​​​ជាន់​​​ ជីប ម៉ុង ថៅវើ វិនិយោគក្នុងទំហំទឹកប្រាក់​អស់ប្រមាណ​ជិត២០០លាន​ដុល្លា​​ និងសម្រេចការសាងសង់បាន៣៩ភាគរយ​​ ហើយអគារដ៏ខ្ពស់នេះ​គ្រោងនឹង​​​​​​​ដាក់ឲ្យ​ដំណើរ​ការ​ក្នុង​​ឆ្នាំ​២០២២​ខាងមុខ ។

លោកឧញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន​ ជីប​ ម៉ុង បាន​មានប្រសាសន៍ក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងអគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើ និងក្រុមហ៊ុនកូមិនខ្មែរ សម្រាប់ការ​ម៉ៅការការងារប្រព័ន្ធមេកានិក ទឹក​ និង​ភ្លើង​ថា ក្រុមហ៊ុន ជីប ម៉ុង នឹង​បន្ត​រួមចំណែក​ជាមួយរាជរដ្ឋាភិបាលកម្ពុជា​ក្នុង​ការកសាងសេដ្ឋកិច្ច​​មួយ​ឲ្យ​រឹងមាំ បើ​ទោះ​បី​ស្ថិត​ក្នុង​អំឡុងពេល​ដែល​សេដ្ឋកិច្ចពិភពលោកកំពុង​​ប្រឈម​នឹង​​​​វិបត្តិ​​​ដោយសារវីរុស​​កូវីដ-១៩​ក៏​​ដោយ។

លោក Simon Dell អគ្គនាយករងជាន់ខ្ពស់ផ្នែក​សណ្ឋាគារ និងបដិសណ្ឋារកិច្ចនៃ​ក្រុមហ៊ុន ​ជីប ម៉ុង បាន​បញ្ជាក់ថា អគារ​ ជីប ម៉ុង ថៅវើ​ ត្រូវបានសាងសង់លើផ្ទៃដីទំហំ៨០០០ម៉ែត្រការ៉េ ដែលមានតម្លៃ៥០លានដុល្លា​ និងតួអគារទាំងមូលដែលមានផ្ទៃជាង១០ម៉ឺនម៉ែត្រការ៉េ ត្រូវបាន​វិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១៥០លានដុល្លារនិងមាន​ចំនួន​៤៥​ជាន់។ ក្នុងនោះ​ ២០ជាន់ជាសណ្ឋាគារលំដាប់ផ្កាយបី Fairfield by Marriott Phnom Penh, ១០ជាន់សម្រាប់ការិយាល័យ, ៥ជាន់សម្រាប់មណ្ឌលផ្សារទំនើប ជីប ម៉ុង, ៩ជាន់សម្រាប់ចំណត​រថយន្ត និងជាន់ក្រោមដី។

លោក Michael Vong នាយកផ្នែកមណ្ឌលផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បាន​បញ្ជាក់​ថាមណ្ឌល​ផ្សារទំនើប ជីប ម៉ុង ដែលនឹងមានវត្តមានក្នុងអគារ​ ជីប ម៉ុង ថៅវើ​ នឹងមាន​​ផលិត​​ផលផ្សេង​ៗ​ជា​ច្រើន​ ផ្សារ​ទំនើប​ ភោជនីយដ្ឋាន ហាងកាហ្វេ​​ និង​​ពាណិជ្ជកម្ម​​​យីហោ​ល្បី​ៗ​​ថ្មីៗ​ជា​ច្រើន​ទៀត​ ដែល​នឹង​ផ្ដល់​បទពិសោធន៍នៃ​ការទិញទំនិញបែបថ្មី​ និង​សម្បូរ​បែប​ជូន​ដល់​អតិថិជន​ផង​ដែរ៕

អគារ ជីប ម៉ុង ថៅវើ កម្ពស់៤៥ជាន់នេះត្រូវបានបញ្ចុះបឋមសិលាបើកការសាងសង់នៅខែ​មករាឆ្នាំ២០១៩ និងក្លាយជាសំណង់អគារប្រវត្តិសាស្ត្រសម័យទំនើបកណ្តាលបេះដូងនៃ​រាជធានី​ភ្នំពេញ។