បរទេស៖ ក្រោម​ការតាមដាន​មើល​ផ្ទាល់​របស់​ប្រធានាធិបតី​អាមេរិក ក្រុមហ៊ុន​អវកាស​ឯកជន​SpaceX បាន​បាញ់បង្ហោះ ដោយជោគជ័យ យានអវកាស ដែល​ដឹកអវកាសយានិក​អាមេរិក​២រូប​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ កាលពី​ថ្ងៃ​សៅរ៍។ នេះ​ជាមោទនភាព​ជាតិ​មួយ​ខ្ពស់ សម្រាប់​អាមេរិក ដែល​អាច​បញ្ជូន​អវកាសយានិក ដោយ​ខ្លួនឯង ពី​ទឹកដី​អាមេរិក និង​ដោយ​ក្រុមហ៊ុន​ឯកជន​អាមេរិកាំង។

ការបាញ់បង្ហោះ​ដោយជោគជ័យ យានអវកាស របស់​ក្រុមហ៊ុន​SpaceX ដើម្បី​ដឹក​អវកាសយានិក​អាមេរិក ទៅកាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ កាលពី​ថ្ងៃ​សៅរ៍ គឺ​ជាព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់អាមេរិក ព្រោះថា ជិត​មួយទសវត្សរ៍​មក​នេះ អាមេរិក​ខកខាន មិនដែល​បញ្ជូន​អវកាសយានិក​ដោយ​ខ្លួនឯង ចេញ​ពី​ទឹកដី​អាមេរិក​នោះទេ។

ថ្លែង​នៅក្រោយ​ពិធីបាញ់​បង្ហោះយានអវកាស លោកប្រធានាធិបតី​អាមេរិក សន្យា​ថា នឹង​បញ្ជូន អវកាសយានិក​អាមេរិក​ឲ្យ​ត្រលប់​ទៅ​បោះទីតាំង​អចិន្ត្រៃយ៍ នៅឋាន​ព្រះចន្ទ។ សម្រាប់​លោកដូណាល់​ត្រាំ អវកាសយានិក​ស្រ្តី​ដំបូងគេ ដែល​ទៅជាន់​ឋានព្រះចន្ទ ​នៅឆ្នាំ ២០២៤ គឺ​ជាជនជាតិ​អាមេរិកាំង។ ហើយអ្នកដែល​ទៅដល់​ភពអង្គារ​មុនគេ ក៏ជាជនជាតិអាមេរិកាំងដែរ។

ទីភ្នាក់ងារ​ណាសា ដែល​បាន​ផ្សាយបន្តផ្ទាល់​ការបាញ់បង្ហោះ រ៉ុកកែត​ដឹកយានអវកាស របស់​ក្រុមហ៊ុន​SpaceX ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​កេណេឌី បាន​អះអាងថា មាន​មនុស្ស​ប្រមាណ​១០លាន​នាក់​តាមដានមើល​ផ្ទាល់ ព្រឹត្តិការណ៍​បាញ់បង្ហោះ​របស់​ក្រុមហ៊ុន​SpaceX។ សម្រាប់​ប្រធាន​ណាសា លោក Jim Bridenstine​ថ្ងៃបង្ហោះរ៉ុកកែត របស់​ក្រុមហ៊ុន​SpaceX គឺ​ជា​ថ្ងៃ​អស្ចារ្យ​សម្រាប់​ណាសា ក្រុមហ៊ុន SpaceX និង​សម្រាប់​ប្រជាជន​អាមេរិកាំង​ទាំងអស់។

នៅ​ថ្ងៃ​សៅរ៍ បន្ទាប់​ពីរារែក​ដោយសារ​បញ្ហា​អាកាសធាតុ អគ្គនាយក​ទីភ្នាក់ងារ​ណាសា នៅទីបំផុត ផ្តល់​ភ្លើងខៀវ ឲ្យ​ក្រុមហ៊ុន​SpaceX បាញ់​បង្ហោះ​យានអវកាស Crew Dragon ដើម្បី​ដឹក​អវកាសយានិក អាមេរិកាំង ពីរូប គឺ​លោក Douglas Hurley និង​Robert Behnken ទៅកាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ។

នៅ​រយៈពេល​តែ​១០នាទី រ៉ុកកែត​Falcon 9 របស់​ក្រុមហ៊ុន​SpaceX ​របស់​មហាសេដ្ឋី Elon Musk បាន​បញ្ជូន​យានអវកាស Crew Dragon ទៅដល់​កំពស់ ២០០គីឡូម៉ែត្រ ពីផែនដី ជាមួយ​នឹង​ល្បឿន ២៧០០០គីឡូម៉ែត្រ ក្នុង​មួយម៉ោង ពោល​គឺ​លឿន​ជាងល្បឿនសំឡេង​ដល់​ទៅ​២០ដង។ ២០នាទី ក្រោយ​ចាកចេញពីផែនដី យានអវកាស​Crew Dragon បាន​ចូល​ទៅក្នុង​គន្លង​តារាវិថី ដោយ​សុវត្ថិភាព។ នៅក្នុង​គន្លងតារាវិថី អវកាសយានិក​អាមេរិកាំង​ទាំងពីររូប​ត្រូវគ្រប់គ្រង ​បញ្ជា​ម៉ាស៊ីន ដោយខ្លួនឯង និង​ត្រូវ​ចំណាយពេល ១៩ម៉ោង មុន​នឹង​អាច​ទៅ​តភ្ជាប់​យាន ជាមួយ​ស្ថានីយ៍​អវកាស នៅថ្ងៃ​អាទិត្យ។ នៅក្នុង​សារសំឡេង​មកកាន់​ផែនដី​អវកាសយានិក​Douglas Hurley បាន​សំដែងការអបអរ សម្រាប់​ដំណើរដឹកមនុស្ស របស់​រ៉ុកកែត Falcon 9។

ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប ចុងក្រោយ ​ក្រុមហ៊ុន​SpaceX ជាអ្នកដំបូងគេ​ដែល​ចេះ​ច្នៃប្រឌិត ធ្វើឲ្យ​បំណែក ទី១​របស់​រ៉ុកកែត អាច​ត្រលប់​មក​ចុះចត លើ​ផែនដី​វិញ ដើម្បី​គេ​យកទៅប្រើ​សាជាថ្មី ដោយ​មិនធ្លាក់ ខូចចោល ដូច​បេសកកម្ម​អវកាស​របស់​ប្រទេស​ផ្សេងៗ។ តាំង​ពីឆ្នាំ ២០១០ ទីភ្នាក់ងារ​អវកាស​ណាសា បាន​ចុះកិច្ចសន្យា ជាមួយ ក្រុមហ៊ុន​SpaceX របស់​មហាសេដ្ឋី Elon Musk ក្នុង​ទឹកប្រាក់ ៣ពាន់ ១០០​លាន​ដុល្លារ សម្រាប់​សង់ ផលិត​សាកល្បង យានអវកាស Dragon ដើម្បី គោលដៅ​នៅថ្ងៃ​អនាគត គឺ​ដំណើរដឹក​អវកាសយានិក​អាមេរិកាំង ទៅមក ៦ជើង រវាង​ផែនដី និង​ស្ថានីយ៍អវកាស​អន្តរជាតិ។

តាមទីភ្នាក់ងារ​ណាសា ការបាញ់បង្ហោះ​លើកនេះ គឺ​ជា​ការបាញ់បង្ហោះ​សាកល្បង និង​មិនទាន់​ចប់​នៅឡើយទេ។ ប៉ុន្តែ ប្រសិន​បើ​យានដឹក​អវកាសយានិក Dragon អាច​ត្រលប់​មកចុះចត​លើ​ផែនដី​វិញ ដោយ​សុវត្ថិភាព នៅ​ប៉ុន្មាន​ខែ​ខាងមុខ (ប្រហែល​ខែ​សីហា) ជាមួយ​នឹង​អវកាសយានិក​ទាំងពីររូប នោះ​ណាសា នឹង​ផ្តល់​អាជ្ញាប័ណ្ណ និង​ជួល​យានCrew Dragon របស់​ក្រុមហ៊ុន​SpaceX សម្រាប់​ធ្វើ​ជាយាន​តាក់ស៊ី ដឹកមនុស្ស​៤នាក់ ទៅ​កាន់​ស្ថានីយ៍​អវកាស ជា​ទៀងទាត់

សម្រាប់​ណាសា វាជា​បដិវត្តន៍​ដ៏ធំមួយ ព្រោះថា ក្រុមហ៊ុន​SpaceX បាន​ជួយ​ឲ្យ​អាមេរិក​អាច​បញ្ជូន អវកាសយានិក ដោយ​ខ្លួនឯង ពីទឹកដី​អាមេរិក និង​ក្នុង​តម្លៃថោក ជាង​កម្មវិធី​មុនៗ​របស់​ណាសា។ ទីភ្នាក់ងារ​ណាសា​បាននិយាយ​រួចហើយ​ពី​គម្រោង​ធ្វើពាណិជ្ជកម្ម ជាមួយ ក្រុមហ៊ុន​SpaceX ដើម្បី បញ្ជូន​យានអវកាស ដឹកមនុស្ស ទៅ​ក្នុង​ទីអវកាស។ ប្រធានាធិបតី​អាមេរិក ដែលបានតាមដាន​ផ្ទាល់​ព្រឹត្តិការណ៍​បាញ់បង្ហោះយានអវកាស​ចេញពី​រដ្ឋ​Florida បាន​បញ្ជាក់ថា ពាណិជ្ជកម្ម​អវកាស គឺ​ជា​ឧស្សាហកម្ម​មួយ​សំខាន់ ទៅថ្ងៃ​អនាគត៕