ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួកបីនាក់បានហែកជញ្ជាំងបន្ទប់ឃុំឃាំង រត់គេចខ្លួនទាំងដៃជាប់ខ្នោះ តែត្រូវបានកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនបានម្នាក់មកវិញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

ជនសង្ស័យដែលបានហែកជញ្ជាំងបន្ទប់ឃុំឃាំង រត់គេចខ្លួនទាំងដៃជាប់ខ្នោះ តែត្រូវបានកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនបានមកវិញនោះ ឈ្មោះវង្ស គឹមឡាង ហៅ ប៉េវ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

លោកឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា អនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៣២៨/ត.ព្រ ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ របស់លោកស្រី ហុង ទិត្យមល្លិកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង កាលពីវេលាម៉ោង១៣និង២២នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំងជំនាញចុះទៅចំណុចក្រុមទី១៣ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យឈ្មោះវង្ស គឹមឡាង ហៅ ប៉េវ ភេទប្រុស អាយុ៣២ឆ្នាំ ដោយចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស (យកកាំបិតភ្ជង់យកទូរស័ព្ទដៃ )។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ ជនសង្ស័យឈ្មោះ វង្ស គឹមឡាង ហៅប៉េវ និងបក្សពួកពីរនាក់ ឈ្មោះ វុធ សុខផាត់ ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ក្រត សុផាក ភេទប្រុស អាយុ១៧ឆ្នាំ បាននាំគ្នាធ្វើសកម្មភាពដោយយកកាំបិតភ្ជង់ប្លន់យកទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះ ណាង ហុងស្រេង ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុចក្រោយផ្សារទំនើប ភូ ពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

លោកឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា អនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៣២៨/ត.ព្រ ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ របស់លោកស្រី ហុង ទិត្យមល្លិកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង កាលពីវេលាម៉ោង១៣និង២២នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំងជំនាញចុះទៅចំណុចក្រុមទី១៣ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យខាងលើបានទាំង៣នាក់ នាំយកមកសាកសួរ។

បន្ទាប់មកសមត្ថកិច្ចបានយកជនសង្ស័យទាំង៣នាក់ទៅដាក់ក្នុងបន្ទប់ឃុំឃាំង រួចនាំគ្នាសម្រាកហូបបាយភ្លេចខ្លួនបន្តិច ជនសង្ស័យពីរនាក់ក្នុងចំណោមបក្សពួកបីនាក់បានហែកជញ្ជាំងបន្ទប់ឃុំឃាំង រត់គេចខ្លួនបាត់ទាំងដៃជាប់ខ្នោះផងដែរ។ តែត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានម្នាក់មកវិញ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕