ភ្នំពេញ៖  សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្រ្កាបបទល្មើសកែច្នៃ ជួញដូរគ្រឿងញៀន និងរឹបអូសថ្នាំញៀន ជាង១សែនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាដឹកនាំដោយផ្ទាល់ របស់ ឯកឧត្ដម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្ដម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះមួយដែលគ្មានអាស័យដ្ឋាន ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញបានដំណើរការបង្ក្រាបករណីកែឆ្នៃ ជួញដូរគ្រឿងញៀន។

នៅក្នុងដំណើរប្រតិបត្តិការបង្ក្រាបករណីកែឆ្នៃ ជួញដូរគ្រឿងញៀន ជាលទ្ធផលអាជ្ញាធរបានឃាត់ខ្លួនមនុស្ស២នាក់ ដែលក្នុងនោះមានឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន(ហុងកុង) កាន់លិខិតឆ្លង ដែនលេខ
KJ06288571 និងម្នាក់ទៀតឈ្មោះ THET THET HLAING ភេទស្រី ជនជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MA 030746។ ព្រមទាំងបានចាប់នូវវត្ថុតាងមួយចំនួនមានដូចជា សារធាតុញៀនអិចស្តាស៊ី ប្រមាណ ដប់បួនម៉ឺនគ្រាប់ ទម្ងន់ ៥៧គក្រ.៣៨ ហើយនិង ម៉ាស៊ីនកែឆ្នៃ២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេត តាមចាប់មេក្លោង និងមុខសញ្ញាពាក់ព័ន្ធ ៕