ភ្នំពេញ៖ ប្រាកដណាស់បងប្អូនមួយចំនួនធំប្រហែលជាបានជ្រាបនូវរឿងរ៉ាវរបស់ជនជាតិអាមេរិក ម្នាក់ឈ្មោះ​ O’BRIEN GEORGE ALLEN ដែលលោកជាអ្នកនេសាទម្នាក់ នៅក្នុងរដ្ឋអាឡាស្កា បច្ចុប្បន្នលោកកំពុងតែរស់នៅលើទឹកដីខេត្តកំពតគាត់ខំប្រឹងធ្វើការយ៉ាងខ្លាំងស្ទើរពេញមួយជីវិតហើយបានយកលុយដែលខ្លួនសន្សំបានជាង៣០ម៉ឺនដុល្លារ យកទៅទិញដី៦ប្លង់នៅក្បែរព្រែក ដើម្បីសង់ផ្ទះក្នុងក្តីស្រមៃរបស់គាត់កាលពី៤ឆ្នាំមុន តែជាអកុសលគាត់ត្រូវបានបុរសជនជាតិខ្មែរម្នាក់ឈ្មោះ អ៊ុក បញ្ញា ដែលត្រូវជាប្អូនធម៌របស់ខ្លួន ឆបោកគាត់យកដីទាំងអស់ ធ្វើអោយគាត់បានរលាយគ្រប់យ៉ាងហើយគាត់បានប្ដឹងទៅតុលាការដើម្បីរកយុត្តិធម៌ តែត្រូវបានតុលាការមិនរវីរវល់តម្កល់រឿងក្ដីរបស់គាត់ចោល។

យោងតាមការបញ្ជាក់របស់ឯកឧត្តម ដួង តារា នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម បានឲ្យដឹងថា ក្រោយមានការចោទប្រកាន់ថាតុលាការបានតម្កល់រឿងជនបរទេសរូបនេះ ឥតចាត់ការរួចមក អ្នកនាំពាក្យនៃអយ្យការ អមសាលាដំបូងខេត្តកំពត បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា អង្គហេតុខាងលើជាវិវាទរដ្ឋប្បវេណី ដែលជាហេតុធ្វើអោយតំណាងអយ្យការសាលាដំបូងខេត្តកំពត សម្រេចតម្កល់រឿងទុកឥតចាត់ការ។ ករណីនេះដែរក៏ត្រូវបានដឹងលឺដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយពេលនេះសម្តេចកំពុងធ្វើការអន្តរាគមន៍ដោយផ្ទាល់ផងដែរ

https://1.bp.blogspot.com/-YuFAveOONug/XqZ8P9HqEPI/AAAAAAAASQI/Ejbt-bqbZ5I3lh96zggH1a_6An2Fb6QQwCLcBGAsYHQ/s1600/Annotation%2B2020-04-27%2B132744.jpgហើយមុននេះបន្តិចឯកឧត្តម ដួង តារា បានបង្ហោះសាររៀបរាប់ទៀតថា៖ «អរគុណសន្តិភាព អរគុណសម្តេចតេជោ អរគុណបងប្អូនទាំងអស់គ្នា ករណីលោក ថម (O’BRIEN GEORGE ALLEN) នៅកំពត នៅពេលដែលខ្ញុំបានស្តាប់សាច់រឿងគាត់អស់ហើយ ខ្ញុំក៏បានជម្រាបជូនទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលពេលនេះកំពុងស្ថិតនៅក្នុងអន្តរាគមន៍ផ្ទាល់ពីសម្តេចប្រមុខដឹកនាំ។

សម្តេចតេជោ ហ៊ុន សែន លោកតែងតែមានក្តីសណ្តោស និងព្រហ្មវិហារធម៍ធំធេងបំផុតទាំងចំពោះពលរដ្ឋខ្មែរ ក៏ដូចជាពលរដ្ឋបទេសដែលមកលេងស្រុកយើង ឬក៏មករស់នៅប្រកបការងារតូចធំនៅក្នុងប្រទេសយើង។ កម្ពុជាក្រតូចមែន តែបេះដូងកម្ពុជាពោរពេញដោយក្តីស្រឡាញ់មហាធំធេងបំផុត។ មានសម្តេចដឹកនាំប្រទេស គឺកម្ពុជានិងជនបរទេសមានភាពកក់ក្តៅគ្រប់ៗគ្នា។

សូមអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមជួយជាទឹកចិត្ត និងផ្តល់ក្តីបារម្ភចំពោះលោកថម ។ យើងទុកភារកិច្ចនេះជូនប្រមុខដឹកនាំដើម្បីដោះស្រាយជូនគាត់។ ហើយក៏សូមជូនពរលោកថម និងបងប្អូនទាំងអស់រស់នៅប្រកបការងារបានសុខសប្បាយនៅក្នុងប្រទេសកម្ពុជា។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង ដោយគ្មានការរើសអើង ៕