រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ស្រ្តីជនជាតិអង់គ្លេសដែលមានកូវីដ-១៩ ត្រូវបានផ្ទេរចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មកព្យាបាលនៅភ្នំពេញ។ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម។

លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ បន្ថែមថា មូលហេតុនៃការផ្ទេរ គឺដោយសារតែ ស្រ្តីជនជាត់អង់គ្លេសនោះ ចាស់ជរា ពិកាជើងម្ខាង និង មានជំងឺផ្សេងៗទៀត។ លោក និយាយថា ការផ្ទេរមកភ្នំពេញ គឺអាចមានសុវត្ថិភាពខ្ពស់ជាងក្នុងការព្យាបាល តែមិនមានន័យថា មន្ទីរពេទ្យបង្អែកខេត្តកំំពង់ចាម ខ្សោយឬខ្វះឧបករណ៍នោះទេ។

ចំណែក លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា មន្ទីរពេទ្យដែលត្រូវផ្ទេរទៅនោះ គឺមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ តាមការស្នើសុំរបស់ស្រ្តីជនជាតិអង់គ្លេសជាសាមីខ្លួន ដោយមានការសម្របសម្រួលពីអង្គការសុខភាពពិភពលោក ៕