ប្រទេសថៃ៖ នាថ្ងៃទីពុធ ទី១១ ខែមីនា ឆ្នាំ២០២០នេះ មន្ត្រីសុខាភិបាលថៃបានឲ្យដឹងថា មានមន្ត្រីអន្តោប្រវេសន៍ថៃ ២នាក់ នៅឯព្រលានយន្តហោះសុវណ្ណ​ភូមិ នៅក្នុងទីក្រុងបាងកក បានឆ្លងវីរុស COVID-19 ហើយគាត់ក៏ប្រហែលជាបានចាប់កាន់លិខិតឆ្លងដែនរបស់អ្នកទេសចរផងដែរ។

មន្ត្រីសុខាភិបាលថៃ បាននិយាយទៀតថា បុរសទាំង ២នាក់ ដែលធ្វើការនៅអាកាសយានដ្ឋានសុវណ្ណភូមិ បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី៧ និង ទី៨ ខែមីនា ហើយបានទាក់ទងជាមួយអ្នកដំណើរជាច្រើននាក់ មុនពេលធ្វើរោគវិនិច្ឆ័យឃើញថាឆ្លងវីរុស។ មន្រ្តីម្នាក់ក្នុងចំណោមពួកគេក៏ស្ថិតក្នុងចំណោមក្រុមដែលដឹកនាំការតាមដានសុខភាពពលករថៃ ដែលត្រូវត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងទៀតផង។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ ( CAAT) បានដាក់ចេញនូវវិធានថ្មីមួយសម្រាប់អ្នកដំណើរដែលមកពីបួនប្រទេសមានដូចជា កូរ៉េខាងត្បូង អ៉ីតាលី អ៊ីរ៉ង់ ចិន (ហុងកុង ម៉ាកាវ) តម្រូវឲ្យអ្នកដំណើរទាំងអស់នោះត្រូវបង្ហាញវិញ្ញាបនប័ត្រវេជ្ជសាស្រ្ត(លិខិតបញ្ជាក់លទ្ធផលពិនិត្យសុខភាព) ដើម្បីឲ្យដឹងថាពួកគេមិនបានឆ្លងវីរុស Covid-19​ មុនពេលឡើងយន្ដហោះទៅប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មាន CNA​ ដែលបានចុះផ្សាយកាលពីថ្ងៃទី១០​ ខែមីនា ឆ្នាំ២០២០ ៕