រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូស្កុបពី ១គ្រឿង របស់ប្រជាពលរដ្ឋបានសម្រេច លុះពេលបើករត់គេចខ្លួន ត្រូវម្ចាស់ម៉ូតូប្រទះឃើញទាន់ ស្រែកឆោឡោផ្អើលពលរដ្ឋ និងនាំគ្នាដេញចាប់ជនសង្ស័យបាន រួចបញ្ចេញកំហឹងម្នាក់១ដៃ ម្នាក់១ជើង បណ្តាលឲ្យជនសង្ស័យរងរបួសយ៉ាងដំណំបែកមុខបែកមាត់ ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់។

ករណីចោរកម្មនេះ បានកើតទ្បើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅតាមផ្លូវចោមចៅ ក្បែរសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យជាចោរអស់លក្ខណ៍នេះ មានឈ្មោះលន់ ភារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងមានស្រុកកំណើត ភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម និងដកហូតបាន ឧបករណ៍កាច់សោ និងកាតនគរបាលជាតិ។ ។

ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះឈិន លក្ខណា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានប្តីឈ្មោះ ភួង ផល្លី អាយុ៣២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់បានជិះម៉ូតូម៉ាកហុងដាម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-3378 មកពីផ្សារជម្ពូវ័ន ដោយចតម៉ូតូទុកនៅខាងមុខកន្លែងលក់ដូរ លុះពេលគាត់ចូលទៅក្នុងផ្ទះ ស្រាប់តែឮសូរសំទ្បេងបញ្ឆេះម៉ូតូ គាត់ស្ទុះចេញមកមើល ស្រាប់តែឃើញជនសង្ស័យ បម្រុងជិះចេញ ទើបគាត់ស្រែឆោឡោថាចោរៗ ផ្អើលដល់ពលរដ្ឋ នាំគ្នាជួយដេញចាប់ជនសង្ស័យបាន ស្វាគមន៍ម្នាក់មួយដៃ ម្នាក់មួយជើង បណ្ដាលឲ្យបែកមុខហូរឈាមកក្លាក់ ទើបប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅ១ យកទៅចាត់ការតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ សារភាពថា រូបគេជាមន្ត្រីនគរបាលជាតិ នៅក្រសួងមហាផ្ទៃ ផ្នែកភស្តុភារ ហើយពិតជាបានធ្វើសកម្មភាពលួចម៉ូតូដូចការចោទប្រកាន់មែន។

ជនសង្ស័យត្រូវសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕