ភ្នំពេញ ៖ បុរសម្នាក់បានធ្វើដំណើរបំណងទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ បែរវង្វេងផ្លូវចូលទៅក្នុងបរិវេណផ្ទះអ្នកក្បែរខាង ស្រាប់តែដួលសន្លប់ បង្កឲ្យមានការភ្ញាក់ផ្អើល តែក្រុមគ្រួសារអះអាងថា គាត់មានជំងឺផ្លូវចិត្ត មិនមានជំងឺCOVID-19 អីនោះទេ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨ និង១៥០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅខាងលិចផ្សារទឹកថ្លា ក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បុរសដួលសន្លប់ខាងលើមានឈ្មោះ ជាម យ៉ុន អាយុ៥០ឆ្នាំ មានលំនៅភូមិកណ្តាល ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង មកស្នាក់នៅជាមួយកូនក្បែរកន្លែងកើតហេតុខាងលើ។

មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើបានធ្វើដំណើរបំណងទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ តែបានដើរចូលទៅក្នុងរបងបរិវេណផ្ទះអ្នកជិតខាង ដោយទឹកមុខស្លេកស្លាំង ហើយក៏ដួលសន្លប់ និងប្រកាច់ តែប្រមាណ១០នាទីក្រោយមក ក៏បានដឹងខ្លួនវិញ រួចក្រោកអង្គុយ ។

តាមការរៀបរាប់របស់ក្រុមគ្រួសារ បានឲ្យដឹងថា ឪពុករបស់គាត់មានជំងឺផ្លូវចិត្តអស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ និងបានទៅបើកថ្នាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយកន្លងមកឪពុករបស់គាត់ចេះតែវង្វេង និងភ្លឹក ព្រមទាំងដួលសន្លប់ជាញឹកញាប់ផងដែរ ហើយការដួលសន្លប់នេះ គឺមិនមានជំងឺដោយសារជំងឺCOVID19អីនោះទេ ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារ បាននាំបុរសខាងលើនោះទៅផ្ទះវិញ៕