ភ្នំពេញ៖ សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះសំណុំរឿងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង បក្ខពួក ពាក់ព័ន្ធការសម្លាប់ស្រីកំណាន់ ចេវ សុវឌ្ឍនា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នេះ ដោយមានលោក យន់ ណារ៉ុង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។

កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ លោកហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសាលក្រមផ្តន្ទាទោសលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគាររយៈពេល១៣ឆ្នាំ ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការសម្លាប់ស្រីកំណាន់ ចេវ សុវឌ្ឍនា ។

ជាមួយគ្នានេះ តុលាការក៏បានសម្រេចផ្ដន្ទាទោសលោកឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់លោកឡាយ វណ្ណៈ ដាក់ពន្ធនាគារ ១០ឆ្នាំផងដែរ ។ ចំណែលឈ្មោះ ជឹម វុធ និង ឈ្មោះ ម៉ែន សាម៉ៃ ត្រូវដាក់ពន្ធនាគារ ម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទលាក់កំបាំងតម្រុយ តាមមាត្រា៥៣២នៃក្រមព្រហ្មទណ្ឌ ។

តែតុលាការមិនបានបង្គាប់ឲ្យជនជាប់ចោទសងសំណងរដ្ឋប្បវេណីទៅគ្រួសារជនរងគ្រោះទេ ដោយសារគ្រួសារជនរងគ្រោះមិនដាក់ពាក្យប្ដឹងទេក្នុងសំណុំរឿងនេះ ។

ជនជាប់ចោទ ឡាយ វណ្ណៈ តែងបដិសេធថា ខ្លួនពុំបានសម្លាប់ស្រីកំណាន់នាង ចេវ សុវឌ្ឍនា ទេ និងសុំឱ្យតុលាការរកយុត្តិធម៌ឲ្យខ្លួនផង ហើយ ឡាយ វណ្ណៈ ហ៊ានស្បថចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា៖ បើខ្ញុំបានសម្លាប់សង្សារមែន សូមឱ្យវត្ថុស័ក្តិសិទ្ធិបរាមុខខ្ញុំ ឲ្យខ្ញុំ និងប្រពន្ធកូនស្លាប់តៃហោង និងធ្លាក់នរក៩ជាន់ អត់ចាប់ជាតិទៅចុះ។ ប៉ុន្តែមន្ត្រីជំនាញ រកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារអំពើឃាតកម្ម មុនឃាតករយកសពទៅព្យួរ.កជាប់បង្អួច ។

ករណីឃាតកម្មនេះ ត្រូវបានសមត្ថកិច្ចខេត្តតាកែវ សន្និដ្ឋានថា ជារឿងអត្តឃាតព្រោះតែវិបត្តិស្នេហា ។ ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានរកឃើញថាករណីនេះ គឺជារឿងឃាតកម្មដោយមានអ្នកបញ្ជា និងរៀបចំទុកជាមុនដើម្បីសម្លាប់ជនរងគ្រោះ៕