រាជធានីភ្នំពេញ៖ បុរសមាឌធំធាត់ម្នាក់ ដោយសារតែមានចិត្តចង់ស្គមមានរាងសង្ហាដូចប្រុសដទៃទៀត ក៏បានទៅទិញថ្នាំសសម្រកទម្ងន់មកលេប តែអកុសល មិនទាន់បានសម្រេចដូចបំណងផង ស្រាប់តែថ្នាំធ្វើទុក្ខ រហូតក្អួតធ្លាក់ឈាម ដួលប្រកាច់ស្លាប់នៅមាត់ទ្វារផ្ទះរបស់ម្តាយយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះ បានកើតឡើង និងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ B5 បុរី រុងរឿង ក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះដែលក្អួតឈាមស្លាប់នេះ មានឈ្មោះ ម៉ុន សុធារិទ្ធិ អាយុ៣៨ឆ្នាំ មានលំនៅភូមិបឹងអង្កាញ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានមកស្នាក់នៅផ្ទះជាមួយម្តាយ ទីតាំងកើតហេតុ។

ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះជាមនុស្សមានមាឌធំធាត់ និងមានជំងឺទឹកនោមផ្អែម ជំងឺក្រពះ និងឈឺសន្លាក់ទៀតផង តែមួយរយៈចុងក្រោយនេះ ជនរងគ្រោះចង់ស្គម ឲ្យមានរាងសង្ហា ក៏បានទៅទិញផលិតផលសម្រកទម្ងន់លេប ឃើញថា បានស្រកទម្ងន់ខ្លះមែន ។ តែក្នុងពេល ជនរងគ្រោះលេបថ្នាំសម្រកទម្ងន់ ថ្នាំនោះ បានធ្វើទុក្ខឲ្យជនរងគ្រោះ ហេវហត់ អស់កម្លាំង ហើយចុងក្រោយនេះ ក៏បានក្អួតធ្លាក់ឈាមដួលស្លាប់តែម្តង ធ្វើឲ្យក្រុមគ្រួសាររន្ធត់ចិត្តអាណិតជនរងគ្រោះជាពន់ពេក។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះពិនិត្យ និងកោសល្យវិច័យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារធ្លាយក្រពះ។ បន្ទាប់មក ក៏ធ្វើកំណត់ហេតុ ប្រគល់សពជូនទៅក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕