រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ អ្នកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា អាជ្ញាធរកម្ពុជា កំពុងស្វែងរកម្ចាស់កង់បីម្នាក់ ដែលធ្លាប់ដឹកបុរសជនជាតិជប៉ុនផ្ទុកវីរុស COVID-19។ តាមការបញ្ជាក់របស់អ្នកស្រី ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជុំវិញករណីបុរសជនជាតិជប៉ុននោះ។

យោងតាមដំណើររឿងដែលម្ចាស់មន្ទីរពេទ្យឯកជន បានរៀបរាប់ឲ្យដឹថា ពេលពិនិត្យ បុរសជប៉ុននោះ ក្តៅខ្លួនលើពី៣៧អង្សាសេ និង ក្អក។ គាត់ បន្តថា គាត់ ហាក់ដូចជាសង្ស័យដែរថា បុរសជប៉ុននោះ ឆ្លងវីរុស COVID-19 ម្ល៉ោះហើយទើបទាក់ទងទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីឲ្យយកបុរសជប៉ុននោះ ទៅពិនិត្យនិងព្យាបាលបន្ត តែដោយសារខាងមន្ទីរបង្អែកខេត្តសៀមរាប មិនលើកទូរស័ព្ទគាត់ ក៏សម្រេចអនុញ្ញាតឲ្យបុរសជប៉ុននោះ ចាកចេញពីមន្ទីរពេទ្យរបស់ខ្លួន។

អ្នកស្រី ឱ វ៉ាន់ឌីន បន្ទោសម្ចាស់មន្ទីរពេទ្យឯកជននោះថា មានការធ្វេសប្រហែល ដោយមិនព្រមរក្សាបុរសជប៉ុននោះទុកនៅកន្លែងខ្លួនសិន និងមិនទាក់ទងទៅកាន់ក្រសួងសុខាភិបាល ឬមិនព្យាយាមទាក់ទងទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែបែរជាឲ្យគាត់ចាកចេញទៅវិញ។ អ្នកស្រី សង្កត់ធ្ងន់ថា ម្ចាស់មន្ទីរពេទ្យបង្អែកនោះ អាចប្រឈមនឹងផ្លូវច្បាប់ ៕