រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ អ្នកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា អាជ្ញាធរកម្ពុជា កំពុងស្វែងរកម្ចាស់កង់បីម្នាក់ ដែលធ្លាប់ដឹកបុរសជនជាតិជប៉ុនផ្ទុកវីរុស COVID-19។ តាមការបញ្ជាក់របស់អ្នកស្រី ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជុំវិញករណីបុរសជនជាតិជប៉ុននោះ។

នៅក្នុងនៅកិច្ចប្រជុំជាមួយគ្រូពេទ្យអ្នកស្រី បានថ្លែងថា អាជ្ញាធរ នឹងមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវនានា ដែលថតជាប់ម្ចាស់កង់បី ដឹកបុរសជនជាតិជប៉ុននោះ។ ក្នុងកិច្ចប្រជុំ អ្នកស្រី លើកឡើងថា បុរសជនជាតិជប៉ុននោះ បានជិះកង់បីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជនមួយ ក្នុងខេត្តសៀមរាប។

យោងតាមដំណើររឿងដែលម្ចាស់មន្ទីរពេទ្យឯកជន បានរៀបរាប់ឲ្យដឹថា ពេលពិនិត្យ បុរសជប៉ុននោះ ក្តៅខ្លួនលើពី៣៧អង្សាសេ និង ក្អក។ គាត់ បន្តថា គាត់ ហាក់ដូចជាសង្ស័យដែរថា បុរសជប៉ុននោះ ឆ្លងវីរុស COVID-19 ម្ល៉ោះហើយទើបទាក់ទងទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីឲ្យយកបុរសជប៉ុននោះ ទៅពិនិត្យនិងព្យាបាលបន្ត តែដោយសារខាងមន្ទីរបង្អែកខេត្តសៀមរាប មិនលើកទូរស័ព្ទគាត់ ក៏សម្រេចអនុញ្ញាតឲ្យបុរសជប៉ុននោះ ចាកចេញពីមន្ទីរពេទ្យរបស់ខ្លួន។

អ្នកស្រី ឱ វ៉ាន់ឌីន បន្ទោសម្ចាស់មន្ទីរពេទ្យឯកជននោះថា មានការធ្វេសប្រហែល ដោយមិនព្រមរក្សាបុរសជប៉ុននោះទុកនៅកន្លែងខ្លួនសិន និងមិនទាក់ទងទៅកាន់ក្រសួងសុខាភិបាល ឬមិនព្យាយាមទាក់ទងទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែបែរជាឲ្យគាត់ចាកចេញទៅវិញ។ អ្នកស្រី សង្កត់ធ្ងន់ថា ម្ចាស់មន្ទីរពេទ្យបង្អែកនោះ អាចប្រឈមនឹងផ្លូវច្បាប់។

គួររំលឹកដែរថា ព័ត៌មាន​ពី​ក្រសួងសុខាភិបាល​  ​ជើងហោះហើរ​លេខ VN814 របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ ពី​សៀមរាប(​កម្ពុជា​) ទៅ​ទីក្រុង​ហូ​ជី​មិ​ញ​ នៅ​ថ្ងៃ​ទី៣ ខែមីនា​ មាន​អ្នកដំណើរ​ចំនួន៦៧នាក់ ​និង​សមាជិក​នាវិក៦នាក់ ​។ ក្នុង​ចំណោម​អ្នកដំណើរ​ទាំងអស់ ជនជាតិជប៉ុនម្នាក់​អង្គុយ​នៅ​លើ​កៅអី​លេខ ៣៣D បន្ទាប់​មក​ផ្ទេរ​តាម​ជើងហោះហើរ VN340 ទៅ​ណា​ហ្គូ​យ៉ា ​ប្រទេស​ជប៉ុន អ្នកដំណើរ​រូបនេះ ​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ វិជ្ជមាន​សម្រាប់វីរុសកូវីដ-១៩ នៅ​ពេល​មក​ដល់​ប្រទេស​ជប៉ុន​ ។

បច្ចុប្បន្ន ពលរដ្ឋខ្មែរ៤នាក់ (ស្រី២នាក់) ត្រូវបានដាក់ឲ្យរស់នៅក្នុងបន្ទប់ដាច់ដោយឡែកពីគេ ដើម្បីពិនិត្យសុខភាព បន្ទាប់ពីស្រាវជ្រាវដឹងថា ពួកគេ បានធ្វើការនិងមានទំនាក់ទំនងដោយផ្ទាល់ជាមួយបុរសជប៉ុននោះ ខណៈ៤០នាក់ទៀត (មិនបញ្ជាក់ជនជាតិ) មានទំនាក់ទំនងដោយប្រយោល ហើយត្រូវបានតាមដានសុខភាព ទោះជាមិនដាក់ឲ្យស្ថិតក្នុងបន្ទប់ដោយឡែកក្តី ៕