ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់បានប្រើកូនឲ្យឡើងកាប់ស្លឹកត្នោត តែអកុសល បានដាច់បង្អោងធ្លាក់មកដី សង្កត់លើស្រ្តីជាម្តាយស្លាប់មួយរំពេច។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៥៥នាទី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះចម្ងាយប្រហែល៣០ ម៉ែត្រ ក្នុងភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យស្លាប់ ។
ជនរងគ្រោះ ឈ្មោះតឹក លី ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានប្រើកូនប្រុសអាយុ១៣ឆ្នាំ ឲ្យឡើងកាប់ត្នោត លុះពេលឡើងដល់ខាងលើក៏បានដាច់ខ្សែចងបង្អោង បណ្ដាលឲ្យធ្លាក់ក្មេងប្រុសនោះមកសង្កត់លើម្ដាយ ដែលអង្គុយចាំនៅខាងក្រោម បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ពិនិត្យដល់កន្លែងកើតហេតុ រួចប្រគល់សពស្រ្តីរងគ្រោះជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕