រាជធានីភ្នំពេញ៖ លោកថោង ខុន ប្រធានប្រតិភូក្រសួងទេសចរណ៍ ក្នុងការជួបសវនាការជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋបាលក្រុង ស៊ិងឆូវ និងខេត្តហឺណាន កាលពីថ្ងៃទី ២០-២១ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ជូនថា ចិនបានទទួលយកសំណើសម្រួលឲ្យមានការហោះហើរត្រង់ ឲ្យបានឆាប់ហើយដែលនឹងអាចសម្ភោធជើងហោះហើរទី១ នាឱកាសកម្មវិធីបញ្ចប់ឆ្នាំទេសចរណ៍ និងវប្បធម៌ចិនកម្ពុជា២០១៩ នាដើមខែមេសា ឆ្នាំ២០២០ នៅទីក្រុងស៊ិនឆូវ និងបើកប្រកាសកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀតនាពេលខាងមុខ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នេះជាគោលដៅយុទ្ធសាស្ត្រថ្មី១ទៀតដែលក្រសួងទេសចរណ៍សហការ ជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត នាំគ្នាដាក់ចេញ តំរង់គោលដៅទីផ្សារថ្មីក្នុងប្រទេសចិន។

ខេត្តហឺណាន់ ជាខេត្តដែលមានប្រជាជនរស់នៅច្រើនប្រមាណជាង១០០លាននាក់ និងមានសេដ្ឋកិច្ចរីកចម្រើនដ៏ខ្លាំងក្លា ពិសេសទីក្រុងស៉ិនឆូវ ដែលមានការអភិវឌ្ឍនជឿនលឿនបែបទំនើប ហើយដែលមានតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះ Zhengzhou Airport Economic Zone ដែលនេះ មិនត្រឹមតែជាប្រភពទីផ្សារទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដ៏ទាក់ទាញផងដែរ ជាពិសេសតាមរយៈភាពយន្តចិនដែលរំលេចពីវត្តសៅលិញ ហើយដែលប្រជាពលរដ្ឋខ្មែរធ្លាប់បានស្គាល់។

ប្រជាជនហឺណាន ចូលចិត្តទៅទស្សនានៅតំបន់អាស៊ីអាគ្នេយ៍ ពិសេសមានការចាប់អារម្មណ៍ដល់ប្រាសាទអង្គរ។ យើងសង្ឃឹមថាជាមួយនឹងជើងហោះហើរត្រង់មកកម្ពុជា ពិសេសមកកាន់ប្រាសាទអង្គរដែលជាបិតិកភណ្ណ្វប្បធម៏ ប្រវត្តិសាស្ត្រពិភពដ៏ល្បីល្បាញ ប្រាកដជាអាចទទួលទេសចរហឺណានបានច្រើនថែមទៀត។

ក្រសួងទេសចរណ៍កម្ពុជា ដោយមានការគាំទ្រពីខេត្ត ហឺណាននិងក្រសួងទេសចរណ៍វប្បធម៌ចិនក៏នឹងស្នើសុំ រាជរដ្ឋាភិបាលរៀបចំ បង្កើតឲ្យមានការិយាល័យតំណាងទេសចរណ៍កម្ពុជានៅទីនោះផងដែរដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការ និងការផ្សព្វផ្សាយទេសចរណ៍ និងការផ្សព្វផ្សាយនានាក្នុងខេត្តហឺណាននេះ ដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាថែមទៀត៕