ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់ឲ្យលោកឧត្តមសេនីយ៍ឯក ពៅ សាលីដេត អនុប្រធាសេនាធិការ និងជាជំនួយការយកថវិកាចំនួន ១០លានរៀល ប្រគល់ជូនមន្ដ្រីនគរបាលដែលកូន ត្រូវរថយន្ដបុកស្លាប់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារកន្លងទៅ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ ។
លោកអនុសេនីយ៍ឯក ព្រេម សុភ័ណ មន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាឪពុករបស់ក្មេងស្រីរងគ្រោះឈ្មោះ ភណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ បានមកទទួលថវិកាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ពៅ សាលីដេត នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ពៅ សាលីដេត ក៏បាននាំនូវក្ដីសោកស្ដាយ និងចូលរួមរំលែកទុក្ខរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ជូនក្រុមគ្រួសារក្មេងស្រីរងគ្រោះ និងសន្យាថា បន្ដរកយុត្តិធម៌ឲ្យដល់ទីបំផុត។ លើសពីនេះ លោកក៏បានផ្ដាំផ្ញើឲ្យឪពុកក្មេងស្រីរងគ្រោះ កុំបាក់ទឹកចិត្ត ពោលត្រូវខិតខំប្រឹងប្រែងធ្វើការបន្ថែមទៀត។

លោកអនុសេនីយ៍ឯក ព្រេម សោភណ្ឌ ជាឪពុករបស់ក្មេងស្រីរងគ្រោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយឧត្តមសេនីយ៍ នេត សាវឿន ដែលយកចិត្តទុកដាក់ដល់មន្ដ្រីក្រោមឱវាទគ្រប់ពេលវេលានៅពេលជួបរឿងអកុសល ឬបញ្ហាផ្សេងៗ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្ដាលឲ្យក្មេងស្រី២នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយជនរងគ្រោះម្នាក់ឈ្មោះ ភណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨៕