ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន ផ្តាំផ្ញើដល់ប្រតិភូ កីឡាករ កីឡការិនីថា នៅក្នុងពេលប្រកួត បើទោះបីឈ្នះ ឬចាញ់ គឺជារឿងធម្មតា នៃវិស័យកីឡា។ ដូច្នេះត្រូវព្យាយាមធ្វើយ៉ាងណាកុំឲ្យការចង់ឈ្នះរបស់យើង ក្លាយទៅជាភាពអាម៉ាស់សម្រាប់ជាតិ និងប្រជាជនកម្ពុជាយើង។ ប្រសាសន៍ថ្លែងនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការរិនីជម្រើសជាតិកម្ពុជាចំនួន ៤៤៧នាក់ ដែលសម្តេចបានផ្តល់ការអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំពីសម្ដេចតេជោ នៅវិមានសន្ដិភាព កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មុនពេលអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាស៊ីហ្គេម SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

សម្តេចបានថ្លែងនូវការលើកទឹកចិត្តដល់ប្រតិភូកីឡាទាំងអស់ ដែលត្រូវទៅចូលរួមប្រកួត ត្រូវខិតខំដណ្តើមយកមេដាយជូនជាតិឲ្យបានច្រើន ដើម្បីនាំមកនូវមោទនភាពនៃជាតិខ្មែរយើង។ ប្រមុខដឹកនាំកម្ពុជាបន្ថែមថា «នៅពេលចូលរួមប្រកួត យើងដង្ហែទង់ជាតិ ហើយអាវរបស់យើង ក៏មានទង់ជាតិភ្ជាប់ជាមួយ ជាពិសេសគឺនៅពេលដែលយើងប្រកួតឈ្នះ ទង់ជាតិ និងភ្លេងជាតិកម្ពុជា ត្រូវបានបន្លឺឡើង ដែលនេះជាមោទនភាពជាតិរបស់យើងលើឆាកអន្តរជាតិ។ សូមឲ្យប្រតិភូកីឡាទាំងអស់ គួរចៀសវាងឲ្យបាននូវការប្រព្រឹត្តអំពើខុសឆ្គង សូមកុំបំពានទៅលើបទដ្ឋាន ទៅលើក្រឹត្យក្រមកីឡា ធ្វើយ៉ាងណា កុំឲ្យគេពិន័យកាតក្រហម ហើយត្រូវបានអាជ្ញាកណ្តាលគេបណ្តេញចេញនោះ។ ចំណុចមួយទៀត សម្តេចក៍បានស្នើឲ្យប្រតិភូកីឡាទាំងអស់ កុំប្រើនូវសារធាតុណាដែលគេហាមឃាត់ ជាពិសេសសារធាតុលើកកម្លាំង ដើម្បីឲ្យមានកម្លាំង ដើម្បីការប្រកួត គឺជារឿងខុស ពីបម្រាម»។ សម្តេចមានប្រសាសន៍ថា ការប្រព្រឹត្តខុស មិនមែនផ្ដល់ភាពអាម៉ាស់ត្រឹមតែបុគ្គលតែម្នាក់នោះទេ ប៉ុន្តែគឺនាំអោយខូចដល់មុខមាត់ប្រទេសជាតិទាំងមូលទៀតផង។ សូមឲ្យខិតខំការពារ និងថែរក្សាតម្លៃជាតិរបស់យើង តាមរយៈសកម្មភាពកីឡានេះ ដោយយកចិត្តទុកដាក់ប្រាស្រ័យទាក់ទងជាមួយប្រតិភូកីឡាប្រទេសដទៃឲ្យបានល្អ បើទោះបីការប្រកួតឈ្នះក៍ដោយ ចាញ់ក៍ដោយ ត្រូវទទួលយកលទ្ធផលដោយគ្មានការតវ៉ា និងមិនត្រូវមានចរិតក្រអឺតក្រទមនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្ហាញពីមោទនភាពក្នុងវិស័យកីឡាកម្ពុជា ដោយសម្តែងការចូលរួមអបអរជាមួយកីឡាគ្រប់សហព័ន្ធទាំងអស់ ដែលបានខិតខំក្នុងរយៈពេលកន្លងទៅធ្វើឲ្យកីឡាក្នុងសហព័ន្ធនីមួយៗ មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ គួរបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ចូនប្រតិភូកីឡា ជាង៤០០នាក់ ស្មើរនិង៣១ប្រភេទកីឡា ក្នុងចំណោម ៥៦ប្រភេទកីឡា ដែលម្ចាស់ផ្ទះហ្វីលីពីនបានរៀបចំ ហើយ ក្នុងចំណោម៣១ប្រភេទកីឡានេះ កម្ពុជាបានចាត់ទុកកីឡាចំនួន១២គឺជាប្រភេទកីឡាដែលមានសក្តានុពល ក្នុងការប្រកួតប្រជែងមេដាយ។ រំលឹកដែរថា នៅក្នុងពិធីជួបសំណេះសំណាលខាងលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ជូនថវិកាឧបត្ថម្ភលើកទឹកចិត្តរបស់សម្តេចទាំងពីរ ជូនដល់ប្រតិភូកីឡាកម្ពុជា ក្នុងម្នាក់ៗទទួលបាន ៥០០ដុល្លារសហរដ្ឋអាមេរិក ផងដែរ៕