អង់គ្លេស៖ សាកសពមនុស្ស៣៩នាក់ ដែលត្រូវបានគេរកឃើញក្នុងទូររថយន្តកុងតឺន័រមួយគ្រឿង នៅចក្រភពអង់គ្លេស កាលពីថ្ងៃពុធ ម្សិលមិញនេះ ទំនងជាជនជាតិចិនទាំងអស់។

នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។
ប៉ូលិសទីក្រុង Essex បានឲ្យដឹងថា ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ មាន៨នាក់ជាស្រ្តី និង៣១នាក់ជាបុរស ហើយទំនងជាជនជាតិ ចិនទាំងអស់ ។ រីឯបុរសម្នាក់ជាអ្នកបើកបររថយន្ត ដែលត្រូវបានឃាត់ខ្លួនក្នុងថ្ងៃជាមួយគ្នា ពីបទសង្ស័យមនុស្សឃាតនោះ ។

ប្រភពដដែលបានឲ្យដឹងថា ក្បាលរថយន្តកុងតឺន័រខាងលើ បានចូលមកដល់ចក្រភពអង់គ្លេស តាមទីក្រុង Holyhead នៅតំបន់ North Wales នៃប្រទេស Wales កាលពីថ្ងៃទី២០ ខែតុលា ក្រោយចេញមកពីទីក្រុង Dublin នៅអៀរឡង់។ បន្ទាប់មក រថយន្តនោះបានទៅដឹកទូរកុងតឺន័រ ដោយធ្វើដំណើរពីទីក្រុង Zeebrugge នៃប្រទេសប៊ែលហ្សិក មកដល់កំពង់ផែនៃក្រុង Purfleet នៅតំបន់ Essex របស់ចក្រភពអង់គ្លេស នៅថ្ងៃទី២៣ ខែតុលា។ ក្រោយមកទៀត រថយន្តដឹកទូរកុងតឺន័រ បានចាកចេញពីកំពង់ផែនៃក្រុង Purfleet នោះ ហើយជិតមួយម៉ោងក្រោយមក បានមកដល់សួនឧស្សាហកម្ម Waterglade Industrial Park ខាងកើតទីក្រុងឡុងដ៍ ក៏មានការរកឃើញសាកសព មនុស្សទាំង៣៩នាក់ នៅក្នុងទូរកុងតឺន័រនោះតែម្តង។

ស្ថានទូតចិននៅទីក្រុងឡុងដ៍ កំពុងទាក់ទងជាមួយប៉ូលិសអង់គ្លេស ដើម្បីទទួលការបញ្ជាក់ឲ្យច្បាស់ជុំវិញ ហេតុការណ៍ដ៏រន្ធត់នេះ ខណៈប៉ូលិសអង់គ្លេសកំពុងបន្តការស៊ើបអង្កេត៕