ផ្លែប៉ាស្យុង(Passion) គឺជាផ្លែឈើមួយប្រភេទដែលមានសក្ដានុពលល្អទាំងនៅក្នុងស្រុក នឹងនៅក្រៅស្រុក ផ្លែនេះដែរត្រូវបានគេពេញនិយមទទួលទានជាទីបំផុត វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៏យ៉ាងច្រើនដល់សុខភាពទៀតផង។

១/. ការប្រើប្រាស់​ពូជ​ស្រស់​សម្រាប់​ដាំ​ដុះ​
– ក្នុងការ​បណ្ដុះ​គ្រាប់​ត្រូវ​ជ្រើសរើស​ផ្លែ​ដែល​ទុំ​ល្អ​
– ការប្រើប្រាស់​គ្រាប់ពូជ​ស្រស់​មាន​ដំណុះ​គ្រាប់​លឿន​
– ចំណែក​គ្រាប់​ស្ងួត​ដំណុះ​គ្រាប់ ចំណាយ​រយៈពេល​វែងរ​ហូត​ដល់​រាប់​ខែ ។​

២/. ការរៀបចំ​ថ្នាល​បណ្ដុះ​កូន​
– រៀបចំ​ដាក់​ដី​ក្នុង​ផើង ឬ​ក្នុង​ថ្នាល​បណ្ដុះ​កូន ដោយ​ដាក់​ជី​កំ​ប៉ុ​ស្ត​កំរាស់ ៩០​សង់ទីម៉ែត្រ​
– ដាក់​គ្រាប់ពូជ​ចូល (​កុំ​ឲ្យ​គ្រាប់​គរ​លើ​គ្នា​)

– រោយ​ជី​កំ​ប៉ុ​ស្ត​ពីលើ​ស្ដើងៗ​
– ស្រោច​ទឹក​ឲ្យ​ជោគ តែ​កុំ​ឲ្យ​ជាំ​ទឹក​គ្រាប់​នឹង​រលួយ​ខូច​អស់ ។​
– ស្រោច​ទឹកជា​ប្រចាំ​កាលណា​យើង​ឃើញ​ផ្ទៃ​ខាងលើ​ស្ងួត ។​

៣/. ការ​ស្ទូង​កូន​
– ក្រោយពី​សាប​គ្រាប់​បាន​១​សប្ដាហ៍​កូន​នឹង​ចេញ​ពន្លក (​ស្លឹក​២​ដំបូង​)
– អាច​ដក​កូន​បំបែក​មក​ដាំ​ក្នុង​ថង់ ថូ ឬ​ក្នុង​រណ្ដៅ នៅពេល​កូន​ប៉ា​ស្យុ​ង​មាន​ស្លឹក ៤​ទៅ​៦​សន្លឹក ឬ​អាយុ​បាន​២​សប្ដាហ៍ ទៅ​១​ខែ​
– ចំពោះ​ថង់ ថូ ឬ​រណ្ដៅ​ត្រូវ​រៀបចំ​ដី​ដែលមាន​ជី​កំ​ប៉ុ​ស្ត និង​ស្លឹក​រុក្ខជាតិ​ស្ងួត​លាយ​ជាមួយ ។​

៤/. ការរៀបចំ​របង ឬ​ទ្រើង​សំរាប់​វល្លិ​តោង​
– ធ្វើ​នៅ​កន្លែង​ដែលមាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ អាច​រៀប​ជា​របង​ធ្វើ​ពី​ឈើ​ងាប់ ឬ​ជា​លួស​សរសៃ ដើម្បីអោយ​វល្លិ​វា​តោង​បានល្អ​។​
– ចំពោះ​ទ្រើង​វិញ យក​ល្អ​ធ្វើ​ពី​សរសៃ​លួស​ប្រទាក់​ជា​រាង​ចតុកោណកែង​ទំហំ​ប្រមាណ ១-២​តឹក​
– កំពស់​ទ្រើង​ខ្ពស់​លម្ម​ចន្លោះ​ពី ១-៤​ម (​ទាប​ពេក​ខ្វះ​ពន្លឺ និង​ពិបាក​ប្រមូល​ផល និង​ខ្ពស់​ពេក ពិបាកធ្វើ​ទ្រើង និង​ពិបាក​ប្រមូល​ផល​) ។​

៥/. ស្រោច​ទឹក និង​ដាក់​ជី​
– ធ្វើការ​ស្រោច​ទឹក និង​ដាក់​ជី​សំខាន់​ណាស់​នៅពេល​ចាប់ផ្ដើម​ដាំ​ដំបូង និង​ពេល​រុក្ខជាតិ​មុន ចាប់ផ្ដើម​ផ្កា ។​
– ការដាក់​ជី​ត្រូវ​កាប់​ជំរៅ​១​តឹក ជា​រង្វង់​ជុំវិញ​ដើម​ប្រើ​ជី​កំ​ប៉ុ​ស្ត​ដាក់ចូល ដោយ​ដាក់​ចំងាយ ១.៥​តឹក ទៅ​២​តឹក​ពី​គល់​រុក្ខជាតិ​
– ស្រោច​ទឹក​អោយ​ជោគ ។​

៦/. ការតាក់តែង​មែក​
– ការតាក់តែង​មែក គឺ​កុំអោយ​មែក​រុក្ខជាតិ​ដុំ​ស៊ុបទ្រុប​ពេក ជាទូទៅ​អាច​តាក់តែង​មែក ឬ​វល្លិ បាន​នៅពេល​វា​មាន​អាយុកាល ២-៣​ឆ្នាំទៅ​
– វល្លិ​ដែល​តាក់តែង ឬ​កាត់ចោល ចំពោះ​វល្លិ​ដែល​ចាស់​វិញ វល្លិ​ដែលមាន​ជំងឺ ឬ​វល្លិ​ដែល​ដុះ ណែន​ពេក ។

៧/. ការប្រមូល​ផល​
– អាច​ប្រមូល​ផល​បាន​នៅពេល​ដាំ​បាន​អាយុ ៦-៨​ខែ ។​
– ចំពោះ​អាយុកាល​របស់​រុក្ខជាតិ​នេះ​អាច​អាយុ​ពី​៥-៧​ឆ្នាំ​តាម​ការថែទាំ ។​
– ផ្លែ​ដែល​ទុំ​ល្អ​អាច​ប្រមូល​ផល​បាន​គឺ​ពណ៌​ស្វាយ​ក្រហម ឬ​សំបក​ផ្លែ​រាង​ជ្រួញ​បន្តិច ៕