នៅក្នុងស្រះមួយការចិញ្ចឹមត្រីតែមួយមុខនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺការការចិញ្ចឹម​ត្រី​ជាមួយ​ខ្យង​អាច​រកប្រាក់​ចំណូល​បាន​ច្រើន ព្រោះ​ប្រមូល​ផល​ម្ដងៗ​បាន​២​មុខ ហើយ​ត្រី​ពុំ​សូវ​មាន​ជំងឺ និង​លូតលាស់​លឿន​ជាង​ចិញ្ចឹម ត្រី​តែឯង ។ កសិករ​អាច​សាកល្បង​បទ ពិសោធន៍​ចិញ្ចឹម​ត្រី​ជាមួយ​ខ្យង​នេះ ដើម្បី​បង្កើន​ប្រាក់ចំណូល ។​

បច្ចេកទេស​ចិញ្ចឹម​មាន​ដូចខាងក្រោម​៖
១- ​ការរៀបចំ​ស្រះ​ដាក់​កូន​ត្រី​

-ទំហំស្រះ ១០x ១២x ០,៥​ម៉ែត្រ​

-បាចកំបោរសរចំនួន១៥គីឡូក្រាម

-ដាក់ទន្រ្ទានខែត្រចំនួន ៤បាច់ធំៗ

-លាមក​គោ​ស្រស់ ៤​ថង់ ស្មើ ៤០​គីឡូក្រាម ។

-ក្រោយ​រយៈពេល ១៥​ថ្ងៃ សង្កេតឃើញ​មាន​សត្វ​ប្លង់តុង​កើតឡើង ត្រូវ​ព្រលែង​កូន​ត្រី​ចូល​ដើម្បី ចិញ្ចឹម ។​

២- ​របៀប​ដាក់​ខ្យង​ចិញ្ចឹម​៖

ក្រោយពេល​កូន​ត្រី​ដែល​បានដាក់​ចិញ្ចឹម​មាន​ទំហំ ១៥​សង្ទីម៉ែត្រ ឬ​៤៥​ថ្ងៃ ចាប់ផ្ដើម​ព្រលែង​ខ្យង ១​បង្គី​ចូល ធ្វើ​ដូចនេះ ដើម្បី​ជួយ​ឲ្យ​ការលូតលាស់​របស់​ត្រី និង​ខ្យង​បានល្អ​ព្រម​គ្នា ។ ក្រោយពី​ដាក់​ខ្យង​ត្រូវ​បន្ថែម​នូវ​ចំណី​គ្រប់មុខ ដើម្បី​ជំរុញ​ដល់​ការ​លូត លាស់ ។ ត្រូវ​ដាំ​ដំណាំ​ដូចជា ត្រកួន​បណ្ដែត​លើទឹក​ដោត​ដើម​ទន្ទ្រានខែត្រ​សំរាប់​ឲ្យ​ខ្យង​ពង​កូន ។​

៣- ការប្រមូល​ផល​៖

សំរាប់​សត្វ​ខ្យង​ក្រោយ​រយៈពេល ៦​ខែ អាច​ប្រមូល​ផល​បាន​ដែលមាន បរិមាណ​រហូតដល់​៩០​គីឡូក្រាម ។ ចំពោះ​ត្រី​នៅពេល​មាន​អាយុ ៧​ខែ អាច​ប្រមូល​ផល​បាន​ដែល មាន​ប្រមាណ​រហូតដល់ ៩០​គីឡូក្រាម ។​

៤- សរុប​បច្ចេកទេស​៖

-រៀបចំ​ស្រះ​ដោយ​ធ្វើ​ការដាក់​រុក្ខជាតិ និង​លាមក​សត្វ​ដើម្បី​បង្កើន​ប្លង់តុង (​ចំណី​ត្រី​)

-ដាក់​កូន​ត្រី​ចូលទៅក្នុង​ស្រះ​ឲ្យ​បាន​អាយុ ៤៥​ថ្ងៃ គាត់​ចាប់ផ្ដើម​ព្រលែង​ខ្យង​ចូលទៅក្នុង​ស្រះ

-ដាក់​ចំណី​បន្ថែម និង​ចំរុះ​ចូលទៅក្នុង​ស្រះ ដើម្បី​ឲ្យ​ត្រី និង​ខ្យង​ស៊ី​

-ដាក់​ត្រកួន និង​ទន្ទ្រានខែត្រ​បណ្ដែត​ទឹក​ប្រមាណ ២៥​ភាគរយ ដើម្បី​ឲ្យ​ខ្យង​ពង​កូន

-ឧស្សាហ៍​ពិនិត្យមើល​ទឹកស្រះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ត្រី និង​ខ្យង ៕