ភ្នំពេញ៖ នារីរូបស្រស់សោភាម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការចាប់ខ្លួន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នារីសង្ស័យដែលកម្លាំងសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះ ហេង សេដ្ឋាលីដា អាយុ២៦ឆ្នាំ មានទីលំនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយឡែក ប្ដីរបស់ស្ដ្រីរូបនេះ ឈ្មោះ អ៊ាង ម៉េងយូ ក៏ត្រូវតុលាការចេញដីកាបញ្ជាឲ្យចូលខ្លួនផងដែរ។

ប្រភពបន្តថា នារីសង្ស័យ និងប្តីបានខ្ចីប្រាក់ជាង៧ម៉ឺនដុល្លារពីជនរងគ្រោះ លុះដល់ថ្ងៃកំណត់ត្រូវសង បែរជាគេចវេះ ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចជំនាញតែម្ដង។

ដោយយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
នារីសង្ស័យខាងលើ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕