ដំណាំគូលែន មានដើមកំណើតមកពីភាគខាងត្បូងប្រទេសចិន តៃវ៉ាន និងអាស៊ីអាគ្នេយ៏ ជាប្រភេទផ្លែឈើហូបផ្លែ ដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយវាត្រូវគេពេញនិយមបរិភោគបំផុតមិនថាក្នុងប្រទេស ឬក៏កៅ្រប្រទេស។ បងប្អូនប្រាកដជាឆ្ងល់ហើយតើគូលែនគេដាំដូចម្ដេច? ហើយដាំយ៉ាងម៉េចទើបទទួលបានទិន្នផលច្រើន? ខាងក្រោមនេះជាបច្ចេកទេសក្នុងការដាំគូលែនដោយបែងចែកច្រើនទៅតាមដំណាក់កាលនីមួយៗ៖

១. ការរៀបចំ​រណ្តៅ ៖
– ត្រូវ​ជីករណ្តៅ​៦​តឹក​បួន​ជ្រុង និង​ជម្រៅ​៦​តឹក​
– រោយ​កំបោ​រស ប្រមាណ​២​ស្លាបព្រា​បាយ​ក្នុង​រណ្តៅ​
– ត្រូវដាក់​ផេះ ឬ​អង្កាម កំប្លោក ចំបើង​ពុក អាចម៍​មាន់ ឬ​អាចម៍​ជ្រូក ឬ​អាចម៍គោ មួយ​ស្រទាប់​កម្រាស់​១​តឹក រួច​ដាក់​ដី​ពីលើ​១​តឹក ធ្វើ​យ៉ាងនេះ រហូត​ទាល់តែ​ពេញ​រណ្តៅ
– ត្រូវ​ទុក​រណ្តៅ រៀបចំ​ហើយ ក្នុង​រយៈពេល​២ ទៅ​៣​សប្តាហ៍​
– ចម្ងាយ​ពី​រណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ មាន​ប្រវែង​៨​ម៉ែត្រ​។

២. ការដាំដុះ ៖
– កូន​គូលែន ត្រូវ​រក្សា​ផ្សាំ​ទុក​១​សប្តាហ៍ មុន​ដាំ​
– ផ្អាក​ស្រោច​ទឹក​២​ថ្ងៃមុន​ដាំ ដើម្បី​កុំឱ្យ​បែក​ដី និង​ឫស​
– មុន​ដាំ​ត្រូវ​ជញ្ជូន​កូន​គូលែន​ដាក់​ក្បែរ​រណ្តៅ​ទាំងអស់​
– ត្រូវ​បក​ថង់​ចេញ ធ្វើយ៉ាងណា​កុំ​ឱ្យ​បែក​ដី​
– កប់​កូន​គូលែន​ក្នុង​រណ្តៅ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ដី​កន្ទោង​កូន​គូលែន ស្មើ​មាត់​រណ្តៅ​រួច​យក​មែកឈើ ដោត​ក្បែរ​រណ្តៅ​ចង​ទប់​ជាមួយ​កូន​គូលែន​
– លប់​ដី​បន្តិច​ម្តងៗ ដោយ​សង្កត់​ថ្នមៗ ហាម​សង្កត់​លើ​ដី​កន្ទោង​កូន​គូលែន ដែល​បណ្តាលឱ្យ​ដាច់​ឫស​។

៣. ការថែទាំ និង​ដាក់​ជី​
– ខែវស្សា ត្រូវ​ពូន​គល់ ការពារ​ទឹក​ជាំ នៅ​គល់​បណ្តាល​ឱ្យ​រលួយ​ឫស​
– នៅ​ដើម​រដូវប្រាំង គួរ​ដាក់​ជី​បំប៉ន​ដោយ​ប្រើ​ជី​អាចម៍​មាន់ ឬ​អាចម៍​ជ្រូក ឬ​អាចម៍គោ លាយ​ជាមួយ​អង្កាម​ពុក ចំបើង ឬ​កំប្លោក​រលួយ​កាយកប់​ក្នុង​ដី​ធ្វើ​ជា​កំពែង​
– ប្រសិន​បើ​កូន​គូលែន មាន​សត្វល្អិត​ស៊ី​ត្រួយ ត្រូវ​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត (​ណា​តូ​)។

៤. ការ​ស្រោច​ទឹក ៖
– កូន​គូលែន​អាយុ​តិចជាង​២​ឆ្នាំ ត្រូវ​ស្រោច​ទឹក​១​ដង ក្នុង​១​សប្តាហ៍ នៅ​រដូវប្រាំង​
– យើង​ត្រូវ​ស្រោច​ទឹក​តែ​ម្តង​គត់ នៅពេល​វា​កំពុង​ផ្កា​។

៥. ការ​កាត់​តែង​មែក ៖
– ត្រូវ​កាត់​ត្រួយ​ចុង​ចេញ​នៅ​ឆ្នាំ​ទីមួយ​
– ត្រូវ​កាត់​មែក មិន​សូវ​ល្អ​ចេញ​រៀងរាល់ឆ្នាំ​ដោយ​ទុក​តាម​ប្រព័ន្ធ ១-៣-៦-១៨ (​ដើម​១ – មែក​ធំ​៣-​ខ្នែង​ធំ​៦ និង​ខ្នែង​ត្រួយ​១៨) បើ​អាចធ្វើ​បាន​ជា​ការល្អ
– នៅពេល​ផ្លែ​គូលែន​មាន​ទំហំ​ប៉ុន​មេដៃ យើង​ត្រូវ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត (​ណា​តូ​) ទៅលើ​ផ្លែ ដើម្បី​ការពារ​ដង្កូវ​ស៊ី​ផ្លែ​នៅពេល​វា​ទុំ​។

៦. ការប្រមូល​ផល ៖
– មិន​ត្រូវ​បេះ​ផ្លែ​គូលែន​ទម្លាក់​លើ​ដី​ទេ​
– ត្រូវ​បេះ​ផ្លែ​គូលែន​ឱ្យ​មាន​ជាប់​ទង​ជា​ការប្រសើរ​ ៕