កង្កែប គឺជាប្រភេទសត្វដែលគេពេញនិយមបរិភោគបំផុត ព្រោះវាមានឱជារសឆ្ងាញ់ពិសា នឹងអាចយកទៅច្នៃធ្វើជាគ្រឿងក្លែមបានជាច្រើនមុខទៀតផង។

កង្កែបធ្លាប់តែមានគេចិញ្ចឹមនៅក្នុងស្រះ ឬនៅក្នុងអាងស៊ីម៉ង ប៉ុន្តែក្នុងថ្ងៃនេះយើង នឹងណែនាំអស់លោកអ្នកពីរបៀបចិញ្ចឹមកង្កែបនៅក្នុងសំបកកង់ឡាន ដែលវិធីនេះគឺជាវិធី ដែលងាយស្រួល មិនពិបាកថែទាំ ហើយថែមទាំងឆាប់បានផលទៀត។

+ប្រភេទសំបកកង់ឡាន៖

-សំបកកង់ត្រាក់ទ័រ ចិញ្ចឹមបាន១០០ក្បាល

-សំបកកង់ឡានដំរីទឹក ឬកុងទេន័រ ចិញ្ចឹមបាន៥០ក្បាល

-ទំហំសំបកកង់ឡានដែលមានកង់៦ ចិញ្ចឹមបាន ៣០ក្បាល

-សំបកកង់ឡានធម្មតាដែលមានកង់ ៤ ចិញ្ចឹមបាន ២០ក្បាល។

+វិធីធ្វើកន្លែងចិញ្ចឹម៖

-រកកន្លែងចិញ្ចឹមកង្កែប (ត្រូវពន្លឺព្រះអាទិត្យជាប្រចាំ)

-បាតរបស់វាយើងអាចចាក់ស៊ីម៉ងត៍ធ្វើជារាងបាតខ្ទះ និងចោះដាក់បំពង់សម្រាប់បង្ហូរទឹកចេញ

-យកកង់ឡានមកដាក់ជាថ្នាក់ (ចំនួន ៣ កង់ឡាន) ដាក់ថ្មតូចៗនៅបាតវាខ្លះ រួចដាក់ទឹកនៅតាមថ្នក់កង់ឡាននីមួយៗ និងបាតរបស់វា

-យកកូនពូជកង្កែមមកចិញ្ចឹម រួចយកកញ្ច្រែងមកគ្របពីលើ ដើម្បីកុំឲ្យកង្កែបលោតចេញ។

+ការថែទាំ៖

-សម្អាតខាងក្នុងកង់ឡានឲ្យបានញឹកញាប់ ផ្លាស់ប្តូរទឹកជាប្រចាំថ្ងៃឲ្យវា ទឹកសម្រាប់ផ្លាស់ប្តូរអាចប្រើទឹកទន្លេ ទឹកអណ្តូ ទឹកស្រះ តែត្រូវធានាឲ្យបានថា ជាទឹកស្អាត ដោយច្រោះវាតាមរយៈដីខ្សាច់ ឬប្រើស្បៃសម្រាប់ច្រោះក៏បាន។

-ចំណីអាចទិញចំណីត្រី រឺកង្កែបនៅតាមហាងលក់ចំណីសត្វនៅជិតភូមិរបស់យើង ឲ្យវាស៊ី១ថ្ងៃ៣ដង ដោយដាក់នៅបាត និងថ្នក់កង់ឡានដែលវានៅ។

-ចំណីធម្មជាតិបន្ថែមមានដូចជា ចង្រិត ដង្កូវ កណ្តូប ស្រឹង និងសត្វល្អិតមួយចំនួនទៀត និងចាប់អំពូលពីលើនៅពេលយប់ដើម្បីឲ្យសត្វល្អិតមករោមអំពូលជាចំណីរបស់វា។

រយៈពេលនៃការចិញ្ចឹម ប្រហែល២ខែកន្លះ អាចប្រមូលផលបានហើយ ៕