ខេត្តរតនគិរី៖ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងហាងកាហ្វេមួយកន្លែង កាលពី
វេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ។
ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ឃើញរថយន្តហ្វ័ររ៉ែនន័រ ១គ្រឿងជិះគ្នា៣-៤នាក់ បើកមកឈប់មុខហាងកាហ្វេខាងលើ ហើយបានចុះដើរតម្រង់ទៅរកជនរងគ្រោះ និងបានបាញ់ជនរងគ្រោះចំក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្តង រួចក្រុមជនសង្ស័យបានរត់ឡើងរថយន្តបើកគេចបាត់ស្រមោល។


ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញក្រុងបានលុង និងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត កំពុងស្វែងរកជនដៃដល់ក្នុងករណីឃាតកម្មដ៏សាហាវនេះហើយ៕