ខេត្តព្រះសីហនុ៖ បុរសជាកម្មករសំណង់ម្នាក់ ខណៈដែលកំពុងធ្វើការខ្វះការប្រុងប្រយ័ត្ន បានធ្លាក់ពីលើអគារកំពុងសាងសង់កម្ពស់១០ម៉ែត្រ បណ្ដាលឲ្យស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជនរងគ្រោះដែលធ្លាក់ពីលើអគារកំពុងសាងសង់ស្លាប់នេះ មានឈ្មោះផន វុទ្ធ អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ នៅចំណុចកើតហេតុ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ក៏ដូចជាកម្មករសំណង់ផ្សេងទៀត បានធ្វើការជាធម្មតា លុះដល់វេលាកើតហេតុ ស្រាប់តែជនរងគ្រោះ បានរអិលជើងធ្លាក់មកដី បណ្តាលឲ្យស្លាប់តែម្តង បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យសពជនរងគ្រោះ ឃើញថា ជនរងគ្រោះពិតជាធ្លាក់ពីលើអគារស្លាប់មែន រួចធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕