ខេត្តកំពង់ធំ៖ ឃាតករសាហាវព្រៃផ្សៃម្នាក់ សង្ស័យបែកថ្នាំ បានទាញយកពូថៅមកកាប់សម្លាប់បុរសជាអ្នកជិតខាងម្នាក់ចំនួន៩ពូថៅ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម និងកូនប្រុសម្នាក់ទៀត រងរបួសធ្ងន់។
ករណីឃាតកម្មដ៍សាហាវព្រៃផ្សៃនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ។


ជនសង្ស័យឈ្មោះ ម៉ៅ ម៉ៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។ ចំណែកជនរងគ្រោះ ឈ្មោះ ទិត រិន ភេទប្រុស អាយុ៤៣ឆ្នាំ រងរបួសចំនួន៩កន្លែង ស្លាប់ក្នុងថ្លុកឈាម និងជនរងគ្រោះទី២ជាកូនប្រុស ឈ្មោះ រិន វិត អាយុ១៨ឆ្នាំ របួសលើភ្នែកគោលខាងឆ្វេង។

មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ម៉ៅ ម៉ៃ បានមកអង្គុយលេងជាមួយជនរងគ្រោះ នៅក្រោមផ្ទះរបស់ជនរងគ្រោះជាអ្នកជិតខាង ។ មួយសន្ទុះក្រោយមក ម្តាយជនសង្ស័យបានដើរមកស្តីបន្ទោសឲ្យជនសង្ស័យ រួចក៏ដើរចេញទៅបាត់។ ចំណែកជនរងគ្រោះក៏ដើរទៅឲ្យចំណីមាន់នៅក្រោយផ្ទះ រួចមកអង្គុយលាងដៃ និងដុសធ្មេញនៅក្បែរពាងទឹកក្រោយផ្ទះនោះ ស្រាប់តែជនសង្ស័យបានទាញយកពូថៅដៃ ពីក្រោមគ្រែរបស់ជនរងគ្រោះដើរទៅកាប់ជនរងគ្រោះចំនួន៩ពូថៅ បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ ទិត រិន ស្លាប់នៅក្នុងថ្លុកឈាម និងកូនប្រុស ឈ្មោះ រិន វិត រងរបួសធ្ងន់។


ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។ ចំណែកសាកសពជនរងគ្រោះបានប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះ សង្ស័យជនដៃដល់បែកថ្នាំ ព្រោះពួកគេទាំង២នាក់ពុំដែលមានទំនាស់នឹងគ្នានោះទេ ៕