ខេត្តកោះកុង៖ បុរសជាកម្មករនេសាទម្នាក់ បានផឹកស្រាឡើងស្រវឹងជោកជាំ ហើយដើរមិនប្រយ័ត្នក៏ធ្លាក់ពីលើទូកចូលទឹកសមុទ្រ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម លុះវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ទើបសពជនរងគ្រោះអណ្តែតទឹក នៅចំណុចកំពង់ផែប្រមូលទិញផលនេសាទ ស្ថិតនៅភូមិបាងកុក ឃុំប៉ាក់ខ្លង ។
ជនរងគ្រោះដែលស្រវឹងស្រាជោកជាំធ្លាក់ពីលើទូកចូលក្នុងទឹកឈ្លក់ស្លាប់នេះ មានឈ្មោះសឹក សឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅខេត្តព្រៃវែង ទើបតែមកចុះទូកបាន២ ថ្ងៃ តែមិនទាន់បានចេញទៅនេសាទនៅឡើយទេ ។


កម្មករទូកនេសាទម្នាក់ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ មុនពេលកើតហេតុ ជនរងគ្រោះ បានផឹកស្រាឡើងស្រវឹងដាប ដើរទប់ខ្លួនមិនសឹងជាប់ លុះដល់ពេលយប់ក៏បានដើរឡើងលើទូកទៅផ្នែកខាងក្រោយ ហើយក៏បាត់ខ្លួនតែម្តង លុះដល់វេលាកើតហេតុ ទើបប្រទះឃើញសពជនរងគ្រោះអណ្តែតទឹក នៅចំណុចកើតហេតុខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ាក់ខ្លង ចុះទៅពិនិត្យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ដោយនៅលើសពពុំមានស្លាកស្នាមអ្វីឡើយ ។
សពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ បានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕