ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះបានបញ្ជាក់ឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយលើកម្ពុជា និងចាប់ពីថ្ងៃ១៦ដល់ថ្ងៃទី២២ ខែកញ្ញា និងរំកិលឡើងទៅលើ ភាគខាងជើងកម្ពុជា ។

ក្រសួងបន្តថា ស្ថានភាពបែបនេះនិងធ្វើឲ្យ មានភ្លៀងបន្តធ្លាក់ រាយប៉ាយលើផ្ទៃប្រទេស ក្នុងនោះខេត្តភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនេះ បន្តប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។ ដោយឡែកនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង។

ជាមួយគ្នានេះដែរ ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ទឹកជំនន់ និងរលកសមុទ្រ ផងដែរ៕