ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងរេចង្កូតឡើងសួនច្បារទៅបុកបង្គោលភ្លើង និងស្លាកប៉ាណូ ខាងមុខវិទ្យាស្ថានជាតិអប់រំពិសេស បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៨និង២០នាទី យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។


ឈ្មោះ សួន ណារ៉េត អាយុ៣៤ឆ្នាំ ជាអ្នកបើកបររថយន្តបង្កបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ ម៉ាកហ៊ីណូ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ5A-1465 ធ្វើដំណើរមកពីចាក់បេតុង នៅព្រែកតាទែន បំណងបើកត្រលប់ទៅការ៉ាស់វិញ តាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈមកដល់ចំណុចកើតហេតុ គាត់ក៏បានវាក់ជាមួយនិងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក នៅខាងមុខ គាត់បានកាច់ចង្កូតរថយន្ដទៅខាងឆ្វេងគេចចេញពីរថយន្ដនោះ ក៏ជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុកបង្គោលស្លាកប៉ាណូមួយដើម បណ្ដាលឲ្យបាក់ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀត ទៅមុខលែងរួច ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕