ខេត្តកណ្ដាល៖ ករណីបុរសជាជាងអគ្គិសនីម្នាក់ ខ្យល់គគាំងបេះដូងស្លាប់ក្នុងបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២៣ និង៣០នាទី យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចបន្ទប់ស្នាក់ក្នុងកាស៊ីណូម្កុដពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ។


ជនរងគ្រោះឈ្មោះ ផន ប៊ុនធី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអគ្គិសនី ស្នាក់នៅជាមួយកូនស្រីឈ្មោះ ម៉ុល ថៃណា អាយុ ១២ឆ្នាំ ក្នុងកាស៊ីណូម្កុដពេជ្រ មានទីលំនៅភូមិព្រែក ឃុំព្រែករៃ ស្រុកល្វាឯម ។ មានប្រពន្ធឈ្មោះ ពៅ សុខខេង អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។


ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំកូនស្រីទៅហូបអាហារនៅផ្ទះបាយក្នុងកាស៊ីណូម្កុដពេជ្រ លុះហូបរួចនៅម៉ោងប្រហែល ២១និង៣០នាទី ជនរងគ្រោះបាននាំកូនមកបន្ទប់ដេក ចំណែកកូនស្រីបានអង្គុយរៀន រហូតដល់ម៉ោងប្រហែលជា២៣ កូនស្រីបានឃើញសភាពឪពុកមានអាការ:ដង្ហក់ដង្ហើម កូនស្រីក៏បានទៅរឹតទ្រូង និងច្របាច់ធ្វើចលនាឲ្យឪពុក ហើយបានសួរឪពុកថា យកប្រេងកូឡាលាបអត់ប៉ា តែជនរងគ្រោះ ពុំបានឆ្លើយតបទេ គ្រាន់តែគ្រវីក្បាល ។ លុះប្រហែលជា២០នាទីក្រោយមក ជនរងគ្រោះក៍លែងដឹងខ្លួន កូនស្រីរត់ទៅហៅមេកាកាស៊ីណូឈ្មោះ កុយ ថន ភេទប្រុស អាយុ៥២ឆ្នាំ ឲ្យមកជួយមើលឪពុករបស់ខ្លួន ។ ពេលមេការមកដល់ បានស្ទាបមើលនិងពិនិត្យដង្ហើមជនរងគ្រោះ គឺស្លាប់បាត់ទៅហើយ ក៍បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្រុកតែម្ដង។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕