ភ្នំពេញ ៖ បុរសម្នាក់បានបើកម៉ូតូបោះពួយយ៉ាងលឿនដូចហោះ ក៏ជ្រុលទៅបុករ៉ឺម៉កដឹកបន្លែពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលជាមួយថ្នល់ស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២ នៅជិតស្ពានអាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។


ជនរងគ្រោះ មានឈ្មោះតន សុភារ៉ាប៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។


តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគឺ ស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-1921 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ពីជើងទៅត្បូង ចុះពីលើស្ពានអាកាសក្បាលថ្នល់ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគូទរ៉ឺម៉កដឹកបន្លែ១គ្រឿង យ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែក រ៉ឺម៉កដឹកបន្លែបានបន្តទៅមុខគេចបាត់ស្រមោលតែម្ដង។


ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ធ្វើកំណត់ហេតុ រួចឲ្យរថយន្តដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕