ខេត្តសៀមរាប ៖ បុរសជនជាតិរុស្ស៊ី២នាក់ពាក់ព័ន្ធករណីលួចទំនិញនៅក្នុងផ្សារទំនើប ត្រូវបានសន្តិសុខផ្សារឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច នៅវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅទីតាំងផ្សារទំនើបអង្គរ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសទាំង២នាក់នោះ ទី១-ឈ្មោះ ALEKSANDR ORBACHEBSKII ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៨៥ ជនជាត រុស្ស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ គ្មន ស្នាក់នៅសណ្ឋាគារ DORM POINT ស្ថិតនៅភូមិ សាលាកំរើក សង្កាត់សាលាកំរើក សៀមរាប និងទី២-ឈ្មោះ ALEXANDER FOKIN ភេទ ប្រុស កើតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៨៧ ជនជាតិ រុស្ស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ អ្នកបង្កើតគេហទំព័រតាមអ៊ិនធើណិត ស្នាក់នៅសណ្ឋាគារ DORM POINT ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ក្រោយពេលឃាត់ខ្លួន ជនបរទេសទាំងពីរនាក់នេះបានសារភាពថា ពួកគេពិតជាធ្វើសកម្មភាពលួចឥវ៉ាន់ផ្សេងៗពីក្នុងផ្សារទំនើបនេះប្រាកដមែន ហើយពេលនេះជាលើកទី៣ ក៏ត្រូវបានសន្តិសុខផ្សារឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕