ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៣១ សិស្សជាជនជាតិវៀតណាមនៅសាលាបច្ចេកទេសឫស្សីកែវ (សាលាដែក) នៅក្រុងភ្នំពេញ នាំគ្នាធ្វើកូដកម្មមិនព្រមចូលរៀន។ ប៉ុន្តែក្រោយពីមេដឹកនាំពួកគេ៤នាក់ ត្រូវអាជ្ញាធរបារាំងចាប់ខ្លួន ហើយគំរាមថា បើនរណានៅតែធ្វើកូដកម្មបន្តទៀត ត្រូវបណ្ដេញឈប់ឲ្យចូលរៀនមក ទើបពួកគេលែងធ្វើកូដកម្មវិញ។
នៅខែកុម្ភៈ ឆ្នាំ ១៩៣២ សកម្មជនបដិវត្តន៍នៅកូសាំងស៊ីនមួយចំនួន នាំគ្នាចូលមកក្នុងទីក្រុងភ្នំពេញ ក្នុងគោលបំណងបង្កើតចលនាមួយឲ្យឈ្មោះថា ចលនាត្រុតស្គីនិយម ដើម្បីផ្សព្វផ្សាយទ្រឹស្តីម៉ាក្សនិយម ដូចកាលលោក Leon Trosky បង្កើតចលនានេះ ដើម្បីផ្សព្វផ្សាយទ្រឹស្តីម៉ាក្សនិយម នៅប្រទេសរុស្ស៊ី មុនសម័យបដិវត្តន៍ខែតុលា ឆ្នាំ១៩១៧ដែរ តែត្រូវអាជ្ញាធរបារាំងចាប់បញ្ជូនឲ្យទៅរស់នៅកូសាំងស៊ីន វិញ។

Leon Trosky អ្នកផ្សព្វផ្សាយទ្រឹស្តីម៉ាក្សនិយម នៅប្រទេសរុស្ស៊ី

ពេលនោះដែរ នៅកូសាំងស៊ីន បក្សកុម្មុយនីស្តឥណ្ឌូចិន បានបង្កើតសាខាបក្សមួយមានឈ្មោះថា គណៈកម្មាធិការបក្សអន្តរជាតិបាសាក់ មានសមាជិក៩រូប ដើម្បីដឹកនាំចលនាតស៊ូបដិវត្តន៍នៅកូសាំងស៊ីន និងនៅកម្ពុជា ដោយបានចាត់តាំងឈ្មោះចូវ វ៉ាន់ហ្សូវ ជនជាតិវៀតណាម ធ្លាប់ទៅសិក្សានៅមហាវិទ្យាល័យកម្មករបូព៌ា របស់សហភាពសូវៀត ឲ្យធ្វើជាប្រធានគណៈកម្មាធិការបក្សអន្តរជាតិបាសាក់ នោះ។ នៅចុងឆ្នាំ ១៩៣២ ចូវ វ៉ាន់ហ្សូវ ត្រូវអាជ្ញាធរបារាំងចាប់ដាក់គុក។ ប៉ុន្តែគាត់ត្រូវបានដោះលែងពីគុកវិញ នៅក្នុងខែកុម្ភៈឆ្នាំ ១៩៣៤ ហើយគាត់បានធ្វើសកម្មភាពពង្រីកសមាជិកបក្សកុម្មុយនិស្តទៅមូលដ្ឋានឆ្ងាយៗបន្តទៀត។

ហូ ជីមិញ អ្នកបង្កើតបក្សកុម្មុយនិស្តឥណ្ឌូចិន

ក្រោយមក គាត់បានបើកអង្គប្រជុំលួចលាក់មួយនៅទីក្រុងព្រៃនគរ (សៃហ្គន)នៅកូសាំងស៊ីន ដើម្បីរកវិធីបង្រួបបង្រួមចលនាតស៊ូប្រឆាំងបារាំងផ្សេងៗទៀតជាធ្លុងមួយ និងពិភាក្សាជ្រើសរើសសមាសភាពតំណាងបក្សកុម្មុយនិស្តចិនម្នាក់នៅកម្ពុជា ដើម្បីឲ្យទៅចូលរួមមហាសន្និបាតចលនាកុម្មុយនិស្តអន្តរជាតិ នៅទីក្រុងម៉ូស្គូ សហភាពសូវៀត ប៉ុន្តែតំណាងបក្សកុម្មុយចិននៅកម្ពុជា បានបដិសេធមិនទៅចូលរួមក្នុងមហាសន្និបាតចលនាកុម្មុយនិស្តអន្តរជាតិ នៅទីក្រុងមូស្គូនោះ ក្នុងនាមជាសមាជិករបស់គណៈកម្មាធិការបក្សអន្តរជាតិបាសាក់ ដែលមានចូវ វ៉ាន់ហ្សូវ ជាប្រធាននោះឡើយ។

បក្សកុម្មុយនិស្តឥណ្ឌូចិន បើកអង្គប្រជុំ

ទាក់ទងទៅនឹងការបដិសេធនេះ មេដឹកនាំបក្សកុម្មុយនិស្តឥណ្ឌូចិន បានសរសេរលិខិតមួយមកសុំសមមិត្តតំណាងបក្សកុម្មុយនិស្តចិននៅកម្ពុជា ដោយលើកហេតុផលថា កម្ពុជាមិនអាចធ្វើបដិវត្តដាច់ដោយឡែកតែឯងបានឡើយ គឺមានតែមកចូលរួមជាមួយបដិវត្តន៍ឥណ្ឌូចិនប៉ុណ្ណោះ ទើបទទួលបានជ័យជម្នះ ព្រោះពេលនោះ ឥណ្ឌូចិនទាំងមូលកំពុងស្ថិតក្រោមការត្រួតត្រារបស់អាណានិគមបារាំង តែមួយ។ ដូច្នេះគ្រប់កម្លាំងតស៊ូបដិវត្តន៍ទាំងអស់ ត្រូវតែរួបរួមគ្នានៅក្រោមការដឹកនាំបក្សតែមួយ គឺបក្សកុម្មុយនិស្តឥណ្ឌូចិន ហើយនៅកម្ពុជា គ្មាននរណាអាចបង្កើតបក្សកុម្មុយនិស្ត ដាច់ដោយឡែកពីបក្សកុម្មុយនិស្តឥណ្ឌូចិន បានដែរ ព្រោះវានឹងធ្វើឲ្យគ្រោះថ្នាក់ដល់បដិវត្តន៍ ធ្វើឲ្យកម្លាំងតស៊ូវណ្ណៈអធននៅឥណ្ឌូចិន មានការបែកបាក់គ្នា ហើយវាក៍ធ្វើឲ្យធ្លាក់ចូលក្នុងអន្ទាក់នយោបាយបំបែកបំបាក់ជាតិសាសន៍នៅឥណ្ឌូចិនរបស់ពួកចក្រពត្តិនិយម ទៀតផង។

បដិវត្តន៍នៅរុស្ស៊ី

ឆ្នាំ១៩៣៣ អនុវិទ្យាល័យព្រះស៊ីសុវត្ថិ បានឡើងកម្រិត ជាវិទ្យាល័យ ហើយរហូតដល់ឆ្នាំ១៩៥៤ គឺក្រោយទទួលបានឯករាជ្យពីបារាំង មានសិស្សតែ១៤៤នាក់ប៉ុណ្ណោះ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ១៩៥៤ ខណៈសាលាបថមសិក្សានៅទូទាំងប្រទេស មានសិស្សសរុបមិនដល់៦ពាន់ផង។

ឡេនីន មេដឹកនាំបដិវត្តន៍នៅរុស្ស៊ី

នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ១៩៣៤ តំណាងប្រតិភូបក្សកុម្មុយនិស្តឥណ្ឌូចិននៅកូសាំងស៊ីន អណ្ណាម និងកម្ពុជា បានមកប្រជុំគ្នាបង្កើតគណៈកម្មាធិការសហព័ន្ធឥណ្ឌូចិនភាគខាងត្បូង ឯនៅឡាវ និងតុងកឹង ក៏មានបង្កើតគណៈកម្មាធិការសហព័ន្ធឥណ្ឌូចិនភាគខាងជើង ដែរ។
ចាប់ពីពេលនោះមក សាខាបក្សកុម្មុយនិស្តឥណ្ឌូចិនចំនួន៥ នៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្កើតនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តក្រចេះ ដោយមានសមាជិកប្រមាណ១០០នាក់ ធ្វើសកម្មភាព។
ខែមីនា ឆ្នាំ១៩៣៥ ចូវ វ៉ាន់ហ្សូវ ដែលជាតំណាងបក្សកុម្មុយនិស្តឥណ្ឌូចិននៅកូសាំងស៊ីន និងនៅកម្ពុជា ដែរនោះ បានធ្វើដំណើរទៅចូលរួមមហាសន្និបាតលើកទី១របស់បក្សកុម្មុយនិស្តឥណ្ឌូចិន ដែលធ្វើឡើងនៅទីក្រុងម៉ាកាវ ប្រទេសចិន។

ចលនាតស៊ូរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៣៥ កម្លាំងសន្តិសុខបារាំង បានឡោមព័ទ្ធឱសថស្ថានមួយនៅក្នុងស្រុកលើកដែក ខេត្តកណ្ដាល ចាប់បានសកម្មជនបដិវត្តន៍៤នាក់។ យុទ្ធនាការបង្ក្រាបចលនាបដិវត្តន៍នេះ បានធ្វើឡើង១៦លើកបន្តទៀត ដោយចាប់ខ្លួនជនបដិវត្តន៍ជាច្រើន និងមេដឹកនាំសំខាន់ៗបីនាក់ទៀត នៅក្នុងនោះមានឈ្មោះ ចូវ វ៉ាន់ហ្សាក់ ជាសមាជិកគណៈកម្មាធិការសហព័ន្ធឥណ្ឌូចិនភាគខាងត្បូងម្នាក់ដែរ។
ចំណែកសាខាបក្សកុម្មុយនិស្តឥណ្ឌូចិន នៅក្រុងភ្នំពេញ ក៏ត្រូវរងការបង្ក្រាបយ៉ាងធ្ងន់ធ្ងរដែរ។ ពេលនោះ ឈ្មោះថាច់ ជឿន មានដើមកំណើតនៅកូសាំងស៊ីន ជាជនជាតិខ្មែរដែលចូលជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិនដំបូងគេនោះ ក៏បានរត់គេចខ្លួនចេញពីក្រុងភ្នំពេញ ទៅរស់នៅស្រុកកំណើតឯកូសាំងស៊ីនវិញ និងបានចូលធ្វើជាកម្មករនៅរោងពុម្ពមួយនៅទីនោះ។

កងទ័ពហូ ជីមិញ ពេលធ្វើសង្គ្រាមវាយបារាំង

ក្នុងខែឧសភា ឆ្នាំ១៩៣៦ ពេលរដ្ឋាភិបាលបារាំងមិនសូវតឹងរឹងមួយ បានឡើងកាន់អំណាចនៅក្រុងប៉ារីស ដោយមានការគាំទ្រពីបក្សកុម្មុយនិស្តបារាំងផងនោះ កម្មករនៅចំការកៅស៊ូជប់ និងថ្មពេជ្រ ក៍បាននាំគ្នាធ្វើកូដកម្ម ហើយអាជ្ញាធរបារាំង ក៏មិនហ៊ានប្រើអំពើឃោរឃៅ បង្ក្រាបការធ្វើកូដកម្មនោះដែរ។
ក្រោយមក ចិន វ៉ាន់ហ្សូវ និងតំណាងបក្សកុម្មុយនិស្តចិននៅកម្ពុជា ចេញពីពន្ធនាគារវិញ ហើយគាត់បានព្យាយាមកសាងកម្លាំងបដិវត្តន៍ នៅតំបន់ជនបទក្នុងប្រទេសកម្ពុជាជាថ្មីឡើងវិញ។
នៅក្នុងខែវិច្ឆិកានិងខែធ្នូ ឆ្នាំ១៩៣៦ កម្មករវៀតណាម និងកម្មករកម្ពុជា នៅចម្ការកៅស៊ូជប់ ខេត្តកំពង់ចាម និងកម្មករចិន ដែលធ្វើការក្នុងយានដ្ឋាននៅក្រុងភ្នំពេញ ព្រមទាំងកម្មករធាក់ស៊ីក្លូ ដែលសុទ្ធសឹងជាជនជាតិខ្មែរ បាននាំគ្នាធ្វើបាតុកម្មតវ៉ាជាបន្តបន្ទាប់។ប៉ុន្តែ អាជ្ញាធរបារាំង មិនបានធ្វើការរារាំងបង្ក្រាបអ្វីធ្ងន់ធ្ងរ ឡើយ។

Leon Trosky អ្នកផ្សព្វផ្សាយទ្រឹស្តីម៉ាក្សនិយម ថតជាមួយ ឡេនីន

ពេលនោះដែរ បក្សកុម្មុយនិស្តឥណ្ឌូចិន ក៏បានចេញផ្សាយកាសែតស្របច្បាប់មួយនៅទីក្រុងហាណូយ ហើយត្រូវបានចែកផ្សាយដល់ប្រទេសទាំង៥ នៅក្នុងសហព័ន្ធឥណ្ឌូចិន គឺ កូសាំងស៊ីន អណ្ណាម កម្ពុជា ឡាវ និង តុងកឹង។

ផែនទីឥណ្ឌូចិន សម័យអាណានិគមបារាំង

បន្ទាប់មកទៀត ក៏បានចេញផ្សាយកាសែតការងារ ( Le Travail )ទៀត ។ កាសែតនេះ ក៏មានអ្នកអានច្រើននៅក្រុងភ្នំពេញដែរ តែភាគច្រើនជាជនបរទេស។ ពេលនោះដែរ ការសែតសរសេរជាភាសាវៀតណាមមួយ ឈ្មោះខែតុលា (ខែតុលា ឆ្នាំ១០១៧ បដិវត្តន៍នៅប្រទេសរុស្ស៊ី បានទទួលជ័យជម្នះ ) ក៏មានលក់នៅទីក្រុងភ្នំពេញ សម្រាប់ជនជាតិវៀតណាម ផងដែរ ៕