ខេត្តកណ្ដាល៖ ជនសង្ស័យជាកូនរមិលគុណម្នាក់ចង់ឲ្យម្ដាយរកប្រពន្ធឲ្យ និងទិញម៉ូតូឲ្យខ្លួនជិះ តែម្ដាយថាពុំមានប្រាក់ លុះផឹកស្រាស្រវឹង បណ្ដាលឲ្យទាស់សម្ដីគ្នា រហូតកូនរមិលគុណនោះ ផ្ទុះកំហិង ទាញកាំបិតផ្គាក់ ដេញកាប់ម្ដាយរត់ពេញភូមិ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ។


ជនរងគ្រោះជាម្ដាយឈ្មោះ ស្រ៊ិន ស្រ៊ី ភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរ កសិករ ។ ចណែកជនសង្ស័យឈ្មោះ អ៊ិន ម៉េងហ៊ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅជាមយយម្ដាយ ។ វត្ថុតាងចាប់យករួមមាន៖ កាំបិតផ្គាក់ ចំនួន ០១ ។


រយ:កាលកន្លងមកជនរងគ្រោះ និងជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្ដីនិងគ្នា ពីបញ្ហាដែលជនសង្ស័យ សុំឲ្យម្ដាយរកប្រពន្ធឲ្យ និងទិញម៉ូតូ ឲ្យខ្លួនជិះ តែម្ដាយពុំមានប្រាក់ ទើបបានជាឈ្លោះប្រកែកគ្នាជាញឹកញាប់ ។ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាស ស្រវឹងជោកជាំ ពេលមកដល់ផ្ទះវិញ ខឹងម្ដាយស្ដីបន្ទោស ក៏រករឿងឡូឡាដាក់ម្ដាយវិញ និងបានទាញយកកាំបិតផ្គាក់ដេញកាប់ម្ដាយ តែពុំត្រូវ ។ ក្រោយមក ជនរងគ្រោះជាម្ដាយ បានប្ដឹងនគរបាលប៉ុស្ដិ៍ពោធិ៍បាន ចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងកាំបិតផ្គាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។ ក្រោយពីធ្វើការពិនិត្យទឹកនោម ឃើញថា ជនសង្ស័យមានសារធាតុញៀន។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានប្រើអំពើហិង្សា យកកាំបិតផ្គាក់ដេញកាប់ម្ដាយប្រាកដមែន ៕