ខេត្តកំពត ៖ នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពត នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទិ​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត ព្រមទាំង​ឯកឧត្តម លោក​ជំទាវ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ អភិបាល​អភិបាលរង​ក្រុង នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត សរុប​ប្រមាណ​១១៧​នាក់ ។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ឯកឧត្តម​ក​បណ្ឌិត ថោ​ង ខុន បាន​មាន​ប្រសាសន៍​ណែនាំ និង​សំណូមពរ​អភិបាលខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើការ​ជួសជុល​ផ្លូវ​ចូល​ក្នុង​ក្រុង​កំពត​ទាំងអស់ ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ ។ ស្នើ​ឱ្យ​គណ​:​កម្ម​ការ​អន្តរក្រសួង យកចិត្តទុកដាក់​លើ​ទីតាំង​ទេសចរណ៍​កែប​ថ្មី និង​ភ្នំ​បូកគោ ដែល​ជាទី​តាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។ ស្នើ​អគ្គនាយក​ក្រុមហ៊ុន សុខា​អូ​តែ​ល​បូកគោ សហការ​ជាមួយ​ក្រសួងទេសចរណ៍ ដើម្បី​បង្កើត​ព្រឹត្តិការណ៍ នៅ​លើ​ភ្នំ​ឱ្យ​កាន់តែ​ច្រើន ។ សំណូមពរ​ជួយ​រៀបចំ​ចំណតរថយន្ត​គ្រប់​ប្រភេទ ក្នុង​ក្រុង​ឱ្យ​មាន​សណ្តាប់ធ្នាប់ ។ សំណូមពរ​ដល់​អភិបាលក្រុង ស្រុក យកចិត្ត​ទុក​ចំពោះ​បរិស្ថាន​អនាម័យ លើ​សេវាកម្ម​ម្ហូបអាហារ និង​សេវាកម្ម​លំនៅ​ឋាន ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោ​ង ខុន បាន​ណែនាំ​ឲ្យ​ក្រុមការងារ​គណៈ​ក​ម្មា​ការ ត្រូវ​រៀបចំ​គោលដៅ​ទេសចរណ៍​ថ្មី នៅ​លើ​កោះសេះ ដែល​មាន​វិសាលភាព​ជាង​៥០០​ហិ​កតា ដោយ​ត្រូវ​រៀបចំ​ឱ្យ​មានការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ត្រូវ​កៀរគរ​ឱ្យ​មានការ​វិនិយោគ​លើ​កោះសេះ​នេះ ដើម្បី​រៀបចំ​ឱ្យ​មាន​កញ្ចប់​ទស្សនកិច្ច​ថ្មី​សម្រាប់​ខេត្តកំពត ។

ឯកឧត្តម​បាន​កោតសរសើរ​ពី​សក្ដានុពល​ទេសចរណ៍​ដែល​មាននៅ​លើ​កោះ​នេះ ពីព្រោះ​នៅ​ជិត​កោះត្រល់ ក្បែរ​ព្រំដែន​សមុទ្រ​ជាមួយ​វៀតណាម ។

សូម​បញ្ជាក់​ថា បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត លើក​ទី​៨ ជុំ​ទី​២ ឆ្នាំ​២០១៩ នឹង​ត្រូវ​ប្រារព្ធ​ឡើង​ពី​ថ្ងៃ​ទី​២០ ដល់ ២២ ខែធ្នូ ឆ្នាំ​២០១៩​ខាង​មុខ​នេះ ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង ” ៕