ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមន្ត្រីជំនាញ និងអាជ្ញាធរដែនដី តាមរកឃើញរថយន្តបាកុង៦គ្រឿងដែលលាក់ក្នុងព្រៃស្ងាត់ ហើយដុតបំផ្លាញចោលនៅនឹងកន្លែង កាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃអាទិត្យ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ។


តាមប្រភពពីមន្រ្ទីកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ការបង្ក្រាប និងដុតកម្ទេចចោលនូវមធ្យោបាយដឹកជញ្ជូនឈើខុសច្បាប់នេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ធនធានធម្មជាតិ ថា លោកនឹងបង្ក្រាបឲ្យខាងតែបាន ហើយឃាត់ បង្ក្រាបបាននៅកន្លែងណា ដុតកម្ទេចចោលនៅនឹងកន្លែង នូវមធ្យោបាយណាដែលដឹកជញ្ជូនឈើ ដែលជាហេតុនាំឲ្យបាត់បង់ព្រៃឈើ ដែលជាជម្រកសត្វ ជាពិសេសវាធ្វើឲ្យបម្រែបម្រួលអាកាសធាតុ មិនទៀង ធ្វើឲ្យប៉ះពាល់អាយុជីវិតយើងទាំងអស់គ្នា ។


តាមប្រភពដដែលបានបន្តថា រថយន្ត៦គ្រឿងនេះ ត្រូវបានរត់គេចពួនមកជ្រកនៅចំណុចទីតាំងខាងលើ ដែលគេដឹងថា រត់គេចពីទឹកដីស្រុកកោះញែក ខេត្តមណ្ឌលគីរី ក្រោយពីប្រតិបត្តិការចុះរឹបអូស រថយន្តយីឌុបដឹកឈើ ជាង៤០គ្រឿង រួមទាំងរថយន្តបាកុង និងដុតកម្ទេចចោល ធ្វើឲ្យក្រុមរថយន្តទាំងនេះ ភ័យស្លន់ស្លោរត់គេច ពួនជ្រកគ្រប់កន្លែង តាមព្រៃ ក្នុងខេត្ត ដែលនៅជាប់ព្រំប្រទល់នោះហើយត្រូវតាមរកឃើញនៅថ្ងៃទី៩ ខែកក្កដាឆ្នាំ២០១៩នៅចំណុចខាងលើ ។

ដោយមានបទបញ្ជាពីលោកនាយឧត្តមសេនីយ៍សៅ សុខា រថយន្តទាំង៦គ្រឿងនេះត្រូវដុតកម្ទេចចោល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១១ព្រឹក ដោយមានការអញ្ជើញចូលរួម ពីអាជ្ញាធរស្រុក និងខេត្ត រួមទាំងសមត្ថកិច្ចចម្រុះ និងមន្ត្រីជំនាញផងដែរ ៕