ខេត្តមណ្ឌលគិរី៖ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាបញ្ជាឱ្យមេការក្រុមហ៊ុនចំនួន២នាក់ ចូលខ្លួន ដើម្បីសាកសួរអំពីករណីប្រមូលផល ដឹកជញ្ជួននិងសន្និធិផល អនុផលព្រៃឈើដោយគ្មានការអនុញ្ញាត ។
ដីការបញ្ជាឱ្យចូលខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។
មេការក្រុមហ៊ុនចំនួនទាំង២នាក់នោះ គឺឈ្មោះសាំង សុខុន អាយុ២៨ឆ្នាំ មានទីលំនៅភូមិកោះសំរោង ឃុំកោះសំរោង ស្រុក កំពង់សៀម ខេត្តកំពង់ចាម និងម្នាក់ទៀត ឈ្មោះណេង ម៉ៅ អាយុ៥០ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ទាំងពីរនាក់ជាអ្នកចាត់ចែងការមូលឈើរបស់ ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាបញ្ជាឱ្យឲ្យចូលខ្លួនឆ្លើយបំភ្លឺមុខស្ថាប័ណតុលាការមុន ថ្ងៃទី៩ខែសីហាឆ្នាំ២០១៩។

លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តមណ្ឌលគិរី បានថ្លែងថា តំណាងអយ្យការបានចោទប្រកាន់ឧកញ៉ា សឹង សំអុល និងគូកនចំនួន៤បទល្មើស តាមច្បាប់ស្តីពីព្រៃឈើ គឺបទប្រើប្រាស់គ្រឿងចក្រយានយន្តបម្រើឲ្យការប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ឬគ្មានស្លាកសម្គាល់, បទប្រមូលផល អនុផលព្រៃឈើដោយខុសច្បាប់, បទដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងបទធ្វើសន្និធិផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ។

លោក ម៉ម វ៉ាន់ដា បានបន្តថា លោក សឹង អុល និងអ្នកពាក់ព័ន្ធ២នាក់ទៀតត្រូវបានបញ្ជូនទៅឃុំខ្លួននៅ ពន្ធនាគាខេត្តមណ្ឌលគិរី កាលពីព្រលប់ថ្ងៃទី១២ កក្កដា ២០១៩ ។ កាលពីព្រឹកថ្ងៃទី១២កក្កដាជនសង្ស័យវៀតណាមចំនួន២នាក់ ព្រមទាំងខ្មែរចំនួន៣នាក់ក៏រងនូវការចាប់ខ្លួនផងដែរ ពេលកំពុងអារជ្រៀកឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា។ជនសង្ស័យទាំងអស់ត្រូវបញ្ជួនទៅស្ថាប័ណតុលាការ នៅថ្ងៃទី១៤កក្កដា ម្សិលមិញនេះ។

គណៈកម្មាធិការបង្រ្កាបបទល្មើស ធនធាន ធម្មជាតិ បានឲ្យដឹងថា ក្នុងប្រតិបត្តិការកន្លងមក សមត្ថកិច្ចចាប់បានសង្ស័យ រួមមានៈ ទី១៖ឈ្មោះ ង្វៀង ហ៊ងណាម អាយុ២១ឆ្នាំ ជនជាតិវៀតណាម, ទី២៖ឈ្មោះ ង្វៀង ចុងទូ អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម, ទី៣៖ឈ្មោះ ធែល ចន្ធី អាយុ២១ឆ្នាំ, ទី៤៖ឈ្មោះ ថាន អូន អាយុ២៧ឆ្នាំ និងទី៥៖ឈ្មោះ រឿង ពេជ្រ អាយុ៣១ឆ្នាំ។សមត្ថកិច្ចថា ប្រតិបត្តការនេះបានដកហូតបាន រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ គ្មានស្លាកលេខចំនួន០១គ្រឿង, រថយន្តម៉ាកកាមរីហើម ពណ៌ស ស្លាកលេខភ្នំពេញ2C-7802 ចំនួន០១គ្រឿង, ម៉ាស៊ីនរណាយន្តម៉ាកស្ទីល០៣៨ ពណ៌ក្រហមចំនួន០២គ្រឿង និងម៉ូតូម៉ាក Honda Dream ពណ៌ព្រីងទុំ ចំនួន០១គ្រឿង។ ជនសង្ស័យទាំងអស់ខាងលើនេះ ត្រូវបញ្ជួនទៅឃុំខ្លួននៅពន្ធនាគារខេត្តសិន ដើម្បីបន្តនីតិវិធីពេលក្រោយ។


ពាក់ព័ន្ធករណីបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី នេះដែរ កាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ គណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការសាកសួរមន្ត្រីចំនួន៥រូបនៅខេត្តមណ្ឌលគិរី ក្នុងនោះមាន ទី១លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទ ទី២លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថាន ទី៣លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ ទី៤ ប៉ែន ភ័ត្រា នាយកដែន ជម្រកសត្វព្រៃស្រែពក និងទី៥ លោក ហាន សុខន នាយកដែនជម្រកសត្វព្រៃភ្នំព្រេច៕