ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានផឹកស្រាស្រវឹងដាប ហើយបើករថយន្តស៊េរីទំនើបម៉ាករ៉េងរ៉ូវើ ជារបស់មន្ត្រីនគរបាលសង្ស័យជាប្រុសស្នេហ៍របស់នាង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូកង់បី១គ្រឿង យ៉ាងពេញទំហឹង នៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ ហើយព្យាយាមបើករត់រហូតមកដល់ស្តុបក្តាន់២ ខណ្ឌ៧មករា ទើបសមត្ថកិច្ចចាប់បាន។


ហេតុការណ៍ស្រីស្អាតស្រវឹងបើករថយន្តបុកម៉ូតូកង់៣នេះ បានកើតទ្បើង កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែវនឹងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ម៉ាករ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-5161 បើកបរដោយនារីស្រស់ម្នាក់ សង្ស័យស្រវឹងស្រា បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវខាងក្រោមទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុកម៉ូតូកង់បី១គ្រឿងយ៉ាងពេញទំហឹង តែសំណាងល្អ អ្នកបើកបរម៉ូតូកង់បី ក្រឡែកឃើញទាន់ បានលោតចេញ បណ្តាលឲ្យម៉ូតូកង់បីវិលពីរទៅបីជុំ។


ប្រភពបន្តថា ក្រោយកើតហេតុ រថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ បានបន្ថែមល្បឿន ព្យាយាមបើករត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចចរាចរណ៍ ប្រចាំការនៅចំណុចគោលដៅស្ពានអាកាសបានបោះដៃ តាមវិទ្យុទាក់ឲ្យកម្លាំងសមត្ថកិច្ចខណ្ឌទួល ចេញមកអន្តរាគមន៍ និងសហការជាកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា តាមចាប់បាននៅចំណុចស្តុបក្តាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងកំណត់ហេតុ យករថយន្តបង្ក ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយជាមួយជនរងគ្រោះតាមផ្លូវច្បាប់៕