ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈរថយន្តមួយគ្រឿងបានបុកម៉ូតូពីក្រោយ អូសម៉ូតូប្រមាណ១០០ម៉ែត្រ ហើយរថយន្តបើកគេចបាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស ចំណុចជិតវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
សពរងគ្រោះមានឈ្មោះជិន ស៊ីណែត អាយុជាង២០ ឆ្នាំ មុខរបរសន្តិសុខ ។

មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស ពណ៌ស មិនចាំស្លាកលេខ ធ្វើដំណើរ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកម៉ូតូហុងដា ឌ្រីមសង់២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL 5191 បើកបរដោយយុវជនម្នាក់ និងមានអ្នករួមដំណើរម្នាក់ ចំពីក្រោយ ពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ នៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ហើយរថយន្តបង្កមិនព្រមឈប់នោះទេ គឺបានព្យាយាមបើករត់ ដោយអូសម៉ូតូប្រមាណជាង១០០ម៉ែត្រ ទើបរបូតម៉ូតូចេញរថយន្ត និងបានបើកគេចចេញទៅបាត់ស្រមោល ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមផ្លវច្បាប់ ។ ឯសាកសពជនរងគ្រោះ សមត្ថកិច្ចទាក់ទងក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕