ខេត្តរតនគិរី៖ កម្លាំងអាវុធហត្ថខេត្តរតនគិរី បានបើកប្រតិបត្តិការបង្ក្រាបបានជាបន្តបន្ទាប់ រថយន្ដឡង់គ្រីស័រកែច្នៃ ចំនួន២គ្រឿង ដោយផ្ទុកឈើសរុបចំនួន៣៥ដុំ ស្មើនឹងជិត៦ម៉ែត្រគូប កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ។


មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ឧត្តមមសេនីយ៍ត្រី ថាវ យ៉េន បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ថា តាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះ ក្រុមការងារដឹកនាំដោយរូបលោក និងលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តរនគិរី បានបញ្ជាកម្លាំងយករថយន្តឡង់គ្រីស័រច្នៃទាំង២គ្រឿងនេះ ដុតបំផ្លាញចោលនៅព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។ ដោយឡែក វត្ថុតាងឈើពពូល និងឈើសុក្រំ ដែលដកហូតបានសមត្ថកិច្ច បានប្រគល់ជូនរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕