ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃសៅរ៍ ទី១ ខែមិនថុនា ត្រូវនឹងថ្ងៃទិវាកុមារអន្តរជាតិ (International Children’s Day) មានអំពើហឹង្សាមួយ បានកើតឡើងនៅភូមិពោធិព្រឹក្សកើត ឃុំដូចតី ស្រុកពញ្ញាក្រែក ដោយបុរសជាឪពុកម្នាក់បានចាប់ចងកូនស្រីផ្អោបនឹងសរសរផ្ទះ ហើយវាយធ្វើបាបកូនយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលពេញសង្គមហ្វេសប៊ុក។
សមត្ថកិច្ចបានឲ្យដឹងថា ឪពុកដែលចាប់ចងកូនស្រីផ្អោបនឹងសរសរផ្ទះនោះឈ្មោះញឹក ពឿន អាយុ ៥២ឆ្នាំ ។ ចំណែកកូនស្រីឈ្មោះចន សុខណា អាយុ ១០ឆ្នាំ។

បុរសម្នាក់នេះ មិនមែនទើបតែប្រើអំពើហិង្សាដាក់កូនៗរបស់ខ្លួនម្តងនេះទេ គឺបានប្រើអំពើហិង្សាដាក់កូនរបស់ខ្លួនច្រើនដងមកហើយ រហូតដល់មានរបួសស្នាមថែមទៀត ហើយលើសពីនេះទៅទៀត ជននេះក៍ធ្លាប់ប្រើអំពើហិង្សាវាយប្រពន្ធ ផងដែរ ។

ពាក់ព័ន្ធករណីនេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបំភ្លឺជូនសាធារណជន ឲ្យបានជ្រាបថា ក្រោយពេលកើតហេតុ កម្លាំងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រីវរសេនីយ៍ឯក ហៃ ឡាលីន ជាស្នងការរង បានសហការជាមួយលោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ IKARE បានចុះទៅនាំក្មេងស្រីរងគ្រោះ មកធ្វើការសាកសួរនៅអធិកាដ្ឋាននគរបាលស្រុកពញាក្រែក និងធ្វើការពិនិត្យស្លាកស្នាម ឃើញថា ពុំមានស្នាមរបួសធ្ងន់ធ្ងរ ដូចការចោទប្រកាន់របស់បណ្ដាញសង្គមមួយចំនួននោះទេ ។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឳពុកម្តាយកុមារនេះបានចំណាកស្រុក ទៅនៅភូមិភាគឥសាន្ត ហើយបានទុកកូនទាំង២ឲ្យនៅជាមួយមជីដូន ។ ពេលមានរឿងចាប់ចងកូនស្រីផ្អោបនឹងសរសរផ្ទះនេះ បុរសឪពុកបានមកយកកូនគាត់ពីស្រុកកំណើតនេះ ទៅនៅភូមិភាគឥសាន្ត ជាមួយវិញ ។ ក្រោយពីមកដល់ស្រុកកំណើតបាន១យប់ មុនចេញដំណើរទៅភូមិភាគឥសាន្ត កូនម្នាក់នេះបានគេចទៅពួននៅផ្ទះគេ ព្រោះមិនចង់ទៅនៅជាមួយឪពុកម្តាយ ។

បន្ទាប់ពីរកឃើញកូនមកវិញ គាត់បានវាយបន្តិចបន្តួច តែក្មេងនៅតែមានបំណងរត់គេច ដូច្នេះពេលរៀបខោអាវបណ្តើរ គាត់ក៏ចងកូននេះបណ្ដើរ តែកូននេះនៅតែរើបម្រាស់មិនឈប់ ទើបគាត់ឪពុកវាយបន្តិចបន្តួច តែមិនមានរបួសស្នាមធ្ងន់ធ្ងរឡើយ ។ ឃើញសភាពបែបនេះ ស្រីជាជីដូនបង្កើតក៏បានទៅអន្តរាគមន៍ឲ្យទុកនៅជាមួយគាត់វិញសិន ចាំគាត់លួងលោមពេលក្រោយចាំទៅ..។
តែយ៉ាងណា សមត្ថកិច្ចបានឲ្យបុរសជាឪពុកធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្តវាយធ្វើបាបកូន និងក្រុមគ្រួសារទៀត បើមានករណីបែបនេះលើកក្រោយទៀតនោះ នឹងត្រូវទទួលទោសតាមច្បាប់៕