រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ អតីត​ឧត្តមសេនីយ៍ ឧកញ៉ា ហូរ ចំរើន ត្រូវ​បាន​មន្ត្រី​គុក​ព្រៃ​ស បញ្ជូន​ខ្លួន​តាម​រថយន្ត​សេរី​ទំនើប ម៉ាក Lexus 330 ដោយ​មាន​អម​ដោយ រថយន្ត​សឺ​រ៉ែ​ន របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចំនួន​២​គ្រឿង និង​អង្គរក្ស​ផ្ទាល់​របស់​ជន​ត្រូវ​ចោទ​រាប់​សិប​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សួរ​ចម្លើយ ។

ខណ​:​នេះ មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ដែល​ត្រូវ​ចាត់តាំង​ឲ្យ​នាំ​ខ្លួន អតីត​ឧកញ៉ា ហូរ ចំរើន ទៅ​កាន់​តុលាការ ក្នុង​ពេល​នាំ​ខ្លួន​នេះ គេ​ឃើញ​កង​អង្គរក្ស​ផ្ទាល់ខ្លួន​របស់​ជន​ត្រូវ​ចោទ​ជា​ច្រើន​នាក់​ស្លៀកពាក់​ស៊ី​វិល កាន់​វិទ្យុទាក់ទង​គ្រប់​ដៃ កំពុង​អង្គុយ​រង​ចាំ និង​ការពារ​សុវត្ថិភាព​លោក ហូរ ចំរើន នៅ​ជាន់​ទី​២ នៃ​អគារ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ក្រៅពី​កង​អង្គរក្ស​ផ្ទាល់ខ្លួន​ជា​ច្រើន​នាក់ ការពារ​នៅ​មុខ​បន្ទប់​តុលាការ ក៏​មាន​កង​អង្គរក្ស ស្លៀកពាក់​ស៊ី​វិល ប្រដាប់​ដោយ​វិទ្យុទាក់ទង​គ្រប់​ដៃ ប្រមាណ​ជា​ជាង​១០​នាក់ នៅ​រង​ចាំ​ការពារ​លោក ហូរ ចំរើន នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ​ ។

មន្ត្រី​កង​អង្គរក្ស​ផ្ទាល់​ខ្លូ​ន របស់​លោក ហូរ ចំរើន បាន​ទិញ​កាហ្វេ អា​ម៉ា​ហ្សូ​ន ជា​ច្រើន​កេស ជញ្ជូន​ចូល​ទៅ​ចែកចាយ ជូន​មន្ត្រី​គុក​ព្រៃ​ស ខណ​:​លោក ហូរ ចំរើន កំពុង​ត្រូវ​បាន​តុលាការ​សាកសួរ ។

សូម​ជម្រាប​ជូន​ថា អតីត​ឧត្តមសេនីយ៍ ឧកញ៉ា ហូរ ចំរើន ត្រូវ​បាន​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា បង្គាប់​ឲ្យ​ជាប់គុក កាល​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ ក្រោម​បទចោទប្រកាន់​ពី​បទ គំរាមកំហែង​ថា​នឹង​សម្លាប់ យោង​តាម​មាត្រា ២៣៣​នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ សំណុំរឿង បាញ់បោះ​សេរី បំភ័យ​ឳ​ពុក​ក្មេក ជា​មន្ត្រី​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ឈ្មោះ យិ​ន គា កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ កន្លង​ទៅ​នៅ​ចំណុច ផ្ទះ​វីឡា​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

អតីត​ឧត្តមសេនីយ៍ ឧកញ៉ា ហូរ ចំរើន ត្រូវ​បាន​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨​កន្លង​ទៅ ។

ទោះជា​យ៉ាងណា ក្រោយ​ពេល​អតីត ឧត្តមសេនីយ៍ ឧកញ៉ា ហូរ ចំរើន ជាប់គុក ក៏​មាន​លេច​ធ្លាយ​ដំណឹង ពាក់ព័ន្ធ​សំណុំរឿង ឆបោក ប្រាក់ រាប់រយ​លាន​ដុល្លារ ដែល​មាន​ដើមបណ្តឹង​ភាគច្រើន​ជា​ជនបរទេស​ផង​ដែរ ៕