ខេត្ត​រតនគិរីៈ បុរសល្មោភកាមម្នាក់ បានចាប់កូនដើមរំលោភសេពសន្ថវៈបានសម្រេចម្ដង មិនឃើញមានការប្ដឹងផ្ដល់ក៏ញ៉ាម ហើយគេចង់សាកម្ដងទៀត តែត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពី​ម៉ោង​១​ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​រោងចាំ​ចំការ​ដាច់​ស្រ​យា​លមួយ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ​។

មន្រ្ដីនគរបាលស្រុកកូនមុំ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភកូនស្រីប្ដីដើម ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ស៊ន សាញ់ អាយុ​៣៨​ឆ្នាំ​ មុខ​របរជា​កសិករ ស្នាក់​នៅ​ភូមិ​-ឃុំ​កើតហេតុខាងលើ។ រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ក ស ​អាយុ​១៦​ឆ្នាំ ជា​របរ​ជាកសិករ​ដូច​គ្នា។

ក្មេងស្រី​រង​គ្រោះ​ បានឲ្យដឹងថា មុនពេលកើតហេតុ ​ឪពុកចុងរបស់នាងបាននាំ​នាង រួម​ទាំង​អ្នក​ភូមិ​២​ទៅ​៣​នាក់​ទៀត នា​ចេញពីផ្ទះ​ទៅ​​ចម្ការ ដែលមាន​ចម្ងាយពីភូមិប្រហែលជា​៥​ទៅ​៦គីឡូម៉ែត្រ។ លុះពេលទៅដល់​ទីនោះ ទាំងឪពុក​ចុង និង​រូបនាងបាននាំ​គ្នា​​ដាំដំឡូង​មី និង​សណ្ដែកតាម​ធម្មតា​ រហូត​មកដល់​វេលាម៉ោង​១១​ថ្ងៃព្រឹក ឪពុកចុង និងអ្នកភូមិបាននាំគ្នាសម្រាកបាយថ្ងៃត្រង់ នៅ​ក្នុងរោង​ចាំចម្ការនោះ។

ក្មេងស្រីរងគ្រោះ បានបន្តថា បន្ទាប់ពីហូបបាយថ្ងៃត្រង់រួចហើយ អ្នក​ភូមិបាន​ដើរ​ចេញ​ទៅ​សម្រាក នៅក្នុងរោង​ចាំចម្ការ​របស់​ពួក​គេ​អស់ទៅ នៅ​សល់​តែ​​ឪពុកចុង​ និងរូបនាង។ ស្របពេលឃើញឱកាស​ស្ងាត់ល្អ​បែបនេះ ស្រាប់តែ​ឪពុកចុង​របស់នាង បានចាប់​នាង​រំលោភ​ តែ​មិន​សម្រេច​ ដោយ​នាងសំពះ​អង្វរ​ខ្លាំង​ពេក​ ទើបគាត់ឈប់ទៅវិញ។

ក្មេងស្រីរងគ្រោះ បានបន្តថា តាមពិតទៅ ឪពុក​ចុង​​​រូប​នេះ​ធ្លាប់​ចាប់នាងរំលោភ​ម្ដង ​នៅ​ក្បែរ​មាត់​អូរ​ជិត​រោងចាំ​ចម្ការ​ខាងលើ ​សម្រេច​ម្ដង​រួច​មក​ហើយ កាលពី​ឆ្នាំ​២០១៧ កន្លងទៅ។ ប៉ុន្តែនៅពេលនោះ​នាង​​មិន​ហ៊ាន​ប្រាប់​ម្ដាយ​នាង ដោយសារ​ឪពុកចុង​របស់នាងគំរាមសម្លាប់ បើសិនបើនាងហ៊ានយករឿង​ហ្នឹងទៅប្រាប់ម្ដាយរបស់នាង ឬអ្នកដទៃ។ ​ចាប់តាំងពីពេលនោះមក ឪពុកចុងរបស់នាងតែងតែ​ព្យា​យាម​​ ចាប់នាងរំលោភ​ជា​ញឹកញាប់​ណាស់ តែ​មិន​សម្រេច​។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕