ខេត្តប៉ៃលិនៈ រថយន្តមួយគ្រឿង បានបើកបរយ៉ាងលឿន ជ្រុលចង្កូតទៅបុកម៉ូតូ ដួលបោកទៅលើថ្នល់ និងរថយន្តក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមនុស្ស៤នាក់រងរបួស កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃ​ពុធ ១០កើត ខែភទ្របទ ​ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១៩ ខែកញ្ញា​ ឆ្នាំ​២០១៨ នៅត្រង់​ចំណុចធារាសាស្រ្ត ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ គេឃើញរថ​យន្តសៀនណាមួយគ្រឿង​ បានបើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវ។ លុះពេលរថយន្ត​បើក​មកចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងម៉ូតូយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមនុស្ស៤នាក់រងរបួស។

មន្ត្រីនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា រថយន្ដបង្ក ម៉ាកសៀនណា (Sienna) ពណ៌ទឹកប្រាក់ ពាក់​ស្លាកលេខ ភ្នំពេញ 2Z-9215 បើកបរដោយឈ្មោះ សាន់ ឋាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ រីឯជនរងគ្រោះ នៅក្នុងហេតុ​ការណ៍​នោះ រួមមាន ទី១-ឈ្មោះ ឈួង គឹមសេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីនគរបាល (របួសធ្ងន់) រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ទី២-ឈ្មោះ មាស ស ភេទស្រី អាយុ៥៣ឆ្នាំ (រងរបួសស្រាល)។ ទី៣-ឈ្មោះ មាស តង់ ភេទស្រី អាយុ៤៣ឆ្នាំ(រងរបួសស្រាល)។ ទី៤-ឈ្មោះ ជាប ញ៉ែម ភេទស្រី អាយុ៤៣ឆ្នាំ (រងរបួសស្រាល)។ ជនរងគ្រោះទាំង៣ រស់នៅខេត្តស្ទឹង​ត្រែង​ជាមួយគ្នា (រងរបួសស្រាល)។ ករណីនេះគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីបើកបរខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ដោយឡែកយានយន្តពាក់ព័ន្ធត្រូវសមត្ថកិច្ចវាស់វែង រួចហើយ​យក​ទៅរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ចាត់ការតាមច្បាប់៕