​ភ្នំពេញ​៖​ បុរស​ជនជាតិ​វៀតណាម​ម្នាក់ ចូលចិត្តប្រើនូវអំពើហិង្សា វាយតប់ប្រពន្ធ រហូតនាងអត់ទ្រាំលែង​បានក៏ចុះចោល ស្រាប់តែបែកគំនិតអាក្រក់ ទិញទឹកអាស៊ីដតាមជះលើប្រពន្ធចំនួន២ដង តែមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលា​ម៉ោង​១​ និង​៣០​នាទី​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​នេះ​ នៅ​មុខហាង​ខារ៉ាអូខេ​ «​យេ​ស​»​ ផ្លូវ​លេខ១០៩​ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មករា។

ស្រ្ដី​រង​គ្រោះ​ បានឱ្យ​ដឹង​ថា​ មុនដំបូង នាង និងជនសង័្សយបានស្គាល់​ និងរាប់អានគ្នាយូរៗទៅ ក៏ស្រឡាញ់គ្នា ហើយ​យកគ្នាជាប្ដីប្រពន្ធ ដោយមិនបានរៀបការ ឬចុះអេ​តា​ស៊ី​វិល​ស្របតាម​ច្បាប់​នោះទេ​ ដោយគ្រាន់តែ​សែន​ព្រេនបន្ដិចបន្តួចតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីបានរួមរស់នៅជាមួយគ្នាជាប្ដីប្រពន្ធនោះមក ប្ដីរបស់នាងតែងតែប្រើនូវអំពើហិង្សាមកលើនាងជាញឹកញាប់ រហូតនាងអត់ទ្រាំលែងបានក៏ចុះចោល អស់រយៈពេលជាង១ឆ្នាំមកហើយ។

ស្រ្ដីរងគ្រោះ បានបន្ដថា ចាប់តាំងពីពេលនោះមក ប្ដីរបស់នាងតែងតែតាមរកនាងរហូត ទើបនាងគេចខ្លួន មិនព្រមជួបមុខ។ លុះមកដល់វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០១៨​កន្លង​ទៅ​ ​ប្ដីរបស់នាងបានជិះ​ម៉ូតូ​ ម៉ាកហុងដាឌ្រី​ម​​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FQ-7840 ដឹកមិត្តភក្ដិរបស់គ្នាម្នាក់ទៀត តាមរកនាង ហើយជះ​ទឹក​អាស៊ីត​ មក​លើ​រូប​នាង​ នៅ​ក្បែរ​ហាងខារ៉ាអូខេ​ «​យេ​ស​»​ ។ ប៉ុន្តែនៅពេលនោះ នាងបាន​​លោតចេញពីកង់បីទាន់​ ហើយទឹក​អាស៊ី​ដបាន​ខ្ទាត​ទៅ​ប៉ះដំបូល​កង់​បី​ឥណ្ឌា​ បណ្ដាល​ឲ្យ​រងនូវការខូចខាត។

ស្រ្ដីរងគ្រោះ បានបន្តថា បន្ទាប់ពីជនសង័្សយបានវាយប្រហារទឹកអាស៊ីដមកលើរូបនាង មិនបានសម្រេចដូចបំណងហើយ ពួកគេបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ ប៉ុន្តែនៅពេលនោះនាងបានយកទូរស័ព្ទ​ថត​ពី​ចម្ងាយ​ទុក​ដែរ​ តែ​នាង​មិនទាន់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​​។​ រហូតមកដល់វេលា​ម៉ោង១​ និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​​មិត្ត​ភ​ក្តិ​របស់​នាង​ម្នាក់ បាន​ចុចទូរស័ព្ទ​មកប្រាប់​នាង​ថា​ ឃើញ​ប្ដី​របស់​នាង​ មក​អង្គុយ​រង់ចាំ​នៅ​លើ​ម៉ូតូ​ ងាក​មើល​ឆ្វេង​ស្ដាំ​ នៅ​ជិតហាង​ខារ៉ាអូខេ​ «​យេ​ស​»​។

ស្រ្ដីរងគ្រោះ បានបន្តថា ដោយសារមានការសង័្សយពីគំនិតអាក្រក់របស់អតីតប្ដីរបស់នាង ទើប​មិត្ត​ភក្ដិម្នាក់នោះ បានប្រាប់​នាងឲ្យ​ប្រុង​ប្រយ័ត្ន​។​ ក្រោយពេលទទួលបាននូវព័ត៌មានបែបនេះ នាងបាន​ចុច​ទូរ​ស័ព្ទ​ហៅបងប្រុស​របស់​នាង​ ឲ្យ​ជិះ​មក​មើល​។ នៅពេលនោះ បងប្រុស​របស់​នាង​បាន​ជិះ​មកដល់​ ឃើញ​ប្ដី​របស់​នាង​កំពុង​តែអង្គុយ​នៅក្បែរ​រទេះ​លក់​សាច់​គោ​អាំង​ ទើប​នាង​រាយការណ៍ទៅសមត្ថកិច្ច។

មន្ត្រីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីជនរងគ្រោះភ្លាម សមត្ថកិច្ចប៉ុស្តិ៍​នគរបាល​រដ្ឋបាលវាលវង់​ បាន​ចុះ​ទៅ​ដល់ទីនោះ ​រួចហើយ​ក៏សាកសួរ​ជនសង័្សយ និង​សុំ​ឆែកឆេរ​ ក៏​រក​ឃើញ​មាន​ដប​ទឹក​អាស៊ី​ដ​ ទុក​នៅ​លើ​ម៉ូតូ​។ ក្រោយពេលមានភ័ស្ដុតាងជាក់ស្ដែងបែបនេះ ទើបសមត្ថ​កិច្ច​ឃាត់ខ្លួន​ជនសង័្សយ នាំទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល។

មន្ត្រីនគរបាលខណ្ឌ៧មករា បានបន្តថា ជនសង័្សយ ឈ្មោះ​ ស៊ឺ​ង​ អាយុ​៥១​ឆ្នាំ​ ជនជាតិ​វៀតណាម​ មាន​លំនៅ​ក្នុង​រាជធានី​ភ្នំពេញ​។ រីឯជនរងគ្រោះ ជាប្រពន្ធចុង ឈ្មោះ ក ស មុខរបរ​បុគ្គលិកហាង​ខារ៉ាអូខេ​ មានលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​។

មន្រ្ដីនគរបាលដដែល បានបន្តថា ​ក្រោយ​ពេល​សាកសួរ​តាមជំនាញរបស់ខ្លួនរួចមក ជនសង្ស័យ​បាន​ឆ្លើយ​សារភាពប្រាប់សមត្ថកិច្ចថា​ ទឹក​អាស៊ី​ដ​នៅ​លើ​ម៉ូតូ​នេះ​ គឺគេ​​បាន​ទិញ​ពី​កន្លែង​លក់​អា​គុយ​ ដើម្បី​យក​មក​គំរាម​ប្រពន្ធ​។ ឮបែបនេះ ​សមត្ថកិច្ច​បាន​សួរបន្ដ​ទៀត​ថា​ ចុះកាលពី​ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០​១៨​​កន្លង​ទៅ​ ម៉ូតូ​ម៉ាក​ហុងដាឌ្រី​ម ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1FQ-7840​ តើអ្នកឯងឲ្យនរ​ណា​ខ្ចី​ជិះ​ទេ​?​ ជនសង្ស័យ​បាន​ឆ្លើយ​តបនឹងសម្ថកិច្ចថា ​អត់បានឲ្យអ្នកណាជិះ​ទេ​។​

ជនសង្ស័យ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ចបន្តទៀត​ថា​ កាលពីវេលាម៉ោង​១១ ​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ២០១៨​ រូបគេ​បាន​ជិះ​ម៉ូតូ​ខាងលើ​ ចេញពីផ្ទះ​សំណាក់​ Lucky​ មក​ចំណុច​មុខហាងខារ៉ាអូខេ​ «យេ​ស​»​ ដើម្បី​តាម​ដាន​ប្រពន្ធ​របស់ខ្លួន​ (​ជន​រង​គ្រោះ​)​ ដោយ​បាន​ដាក់​ទឹក​អាស៊ី​ដ​ ក្នុង​កែវ​ជ័រ​ដាក់​តាម​ម៉ូតូ​។ លុះ​ពេល​មក​ដល់​ហាង រូបគេ​បាន​អង្គុយ​ផឹកស្រា​បៀរ​អស់​២-៣​កំប៉ុង​ រហូត​ដល់​ម៉ោង​១​ និង​៣០​នាទី​រំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​​ ស្រាប់តែ​បងប្រុស​របស់​នាង និង​សមត្ថ​កិច្ច​ចុះ​មក​ឃាត់ខ្លួន​ នាំ​ទៅ​ប៉ុស្តិ៍​តែ​ម្ដង​។​

ក្រោយពេលមានពាក្យបណ្ដឹងពីជនរងគ្រោះ និងផ្អែកលើចម្លើយសារភាពរបស់ជនសង័្សយផង ទើបសមត្ថកិច្ចបានបញ្ជូនជននេះទៅកាន់អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ ដើម្បី​​ចាត់ការ​តាម​ច្បាប់​៕