ភ្នំពេញ៖ ចិនទំនើងម្នាក់ ទំនងជាប្រចណ្ឌនឹងស្រីស្នេហ៍របស់ខ្លួន ស្រាប់តែផ្ទុះកំហឹងយ៉ាងក្រេវ​ក្រោធ ស្ទុះទៅ​វាយទាត់ធាក់ ធ្វើឲ្យនាងរងនូវការឈឺចាប់ ស្រែកទ្រហោយំ បង្កឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវ និងបុគ្គលិក ព្រម​ទាំងបងប្អូនរបស់នាង រាយការណ៍ទៅសមត្ថកិច្ច កាលពីវេលាម៉ោង២ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០​១​៨ ស្ថិតនៅក្នុងសណ្ឋាគារ «ឡឺ ម៉ុង» តាមផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការ​មន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនោះ បងប្អូនរបស់ស្រ្ដីរងគ្រោះបានទទួលដំណឹងថា បុរសជនជាតិចិនបានវាយដំនារីចិនម្នាក់ដែលជាសង្សារ នៅក្នុងសណ្ឋាគារ «ឡឺម៉ុង» ខាងលើនេះ។ ភ្លាមៗនោះ បងប្អូនរបស់ជនរងគ្រោះ បានមកប្តឹងសមត្ថកិច្ចឲ្យចុះទៅដោះស្រាយ។ លុះ​ពេលសមត្ថកិច្ច និងបងប្អូនរបស់នារីរងគ្រោះមកដល់សណ្ឋាគារ ក៏ឡើងទៅហៅបុរសចិន និងនារីរងគ្រោះឲ្យចុះមកក្រោម ដើម្បីដោះស្រាយគ្នា។ ប៉ុុន្តែបុរសជនជាតិចិនរូបនោះ នៅតែមិនខ្លាច ហើយផ្គើនវាយដំទៅលើសង្សាររបស់គេបន្ថែមទៀត។

ប្រភពព័ត៌មានដដែល​ បានបន្ដថា ឃើញសកម្មភាពដ៏កំណាច និងនៅតែផ្គើនបែបនេះ សមត្ថកិច្ច​បានចាប់វាយខ្នោះជនបង្ក នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដើម្បីសាកសួរ រួចហើយបញ្ជូនកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕