ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់បានចងគំនុំជាមួយនឹងមន្ត្រីនគរបាលម្នាក់ តាំងពីគាត់នៅមានតំណែង រហូតចូលនិវត្តន៍ ហើយយកលេសចោទថា ចេះអាបធ្មប់ ស្រាប់តែកាន់កាំបិតឡើងទៅកាប់ដល់លើផ្ទះ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី។

មន្ត្រីនគរបាលស្រុកគងពិសី បានឲ្យដឹងថា ជនបង្ក ឈ្មោះ សែម ណុប ភេទប្រុស អាយុ២៧ឆ្នាំ។ រី​ឯ​ជន​រងគ្រោះ ឈ្មោះ សេន តារា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ទើបនឹងចូលនិវត្តន៍។ ជនរងគ្រោះ និងជនបង្ក រស់នៅភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះជាមន្ត្រីនគរបាលបានចូលនិវត្តន៍រយៈពេលប្រហែល៥ខែមក​ហើយ។ លុះមកដល់ថ្ងៃកើតហេតុ គាត់កំពុងតែសម្រាក នៅក្នុងអង្រឹងលើផ្ទះម្នាក់តែឯង ស្រាប់តែជនដៃដល់ បានកាន់កាំបិតនៅក្នុងដៃឡើងទៅដល់លើផ្ទះរបស់ជនរងគ្រោះ រួចកាប់ប្រហារទៅលើជនរងគ្រោះ ក្នុងគោលបំណងផ្តាច់ជីវិត។ ប៉ុន្តែសំណាងល្អ ជនរងគ្រោះបានលើកជើងម្ខាងរងកាំបិត បណ្តាលឲ្យមុតជើងស្តាំ១កាំបិត រួចហើយស្រែកហៅអ្នកជិតខាងឲ្យជួយ។ ភ្លាមៗនោះ អ្នកជិតខាងបានរត់ឡើងទៅជួយ និងចាប់ខ្លួនជនដៃដល់ប្រគល់ឲ្យសមត្ថកិច្ច។

មន្ត្រីនគរបាលដដែល បានបន្ដថា បន្ទាប់ពីឃាត់ខ្លួននាំទៅសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា ការដែលគេកាប់ជនរងគ្រោះនោះ គឺដោយសារតែជនរងគ្រោះចេះអំពើធ្មប់។ ទោះជាជនសង័្សយឆ្លើយយ៉ាងនេះក្ដី សមត្ថកិច្ចក៏នៅតែកសាងសំណុំរឿង ចាត់ការតាមច្បាប់៕