ខេត្តសៀមរាប៖ អាស្រម​មួយខ្នង ​ត្រូវ​​អគ្គី​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលដ្ឋ និងសមត្ថកិច្ច​ កាលពី​វេលា​ម៉ោង​៧ ​និង​២០​នាទី​ព្រឹក ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតក្នុង​វត្ត​គោក​ព្រេច ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប។

លោក​វរសេនីយ៍ទោ សេន សុវណ្ណ​នី នាយការិយាល័យនគរបាលបង្ការ ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​បានឱ្យ​ដឹងថា អាស្រម​ដែល​ត្រូវ​អគ្គី​ឆាបឆេះ​មានទំហំ៤ម៉ែត្រ គុណនឹង​៤​ម៉ែត្រ។ អាស្រមនេះមានព្រះសង្ឃមួយអង្គគង់នៅ មានព្រះ​នាម ពេជ្រ មាន​ព្រះ​ជន្ម​៤០​ព្រះ​វស្សា​។

លោក​នាយការិយាល័យ បានបន្តថា មុនពេលកើតហេតុ ព្រះសង្ឃបានចាក់សោទ្វារកុដិ និងនិមន្តទៅទ្រង់បាត្រអស់។ លុះមកដល់វេលាខាងលើ ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះអាស្រមខាងលើ ទើបប្រជា​ពលរដ្ឋរាយការណ៍មកសមត្ថកិច្ច។​ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះភ្លាម​ កម្លាំង​នគរបាល​អន្តរា​គមន៍​បង្ការ ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បើករថយន្ត​ពន្លត់​អគ្គិភ័យចំនួន​៣​គ្រឿងទៅជួយបាញ់ទឹកពន្លត់។ ប៉ុន្តែសមត្ថកិច្ចបាញ់ទឹកអស់តែមួយរថយន្ត ធ្វើឲ្យភ្លើងរលត់អស់​ទៅវិញ។

លោកនាយការិយាល័យបានបន្តថា នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​​ បណ្តាល​ឲ្យ​​ខូចខាត​ អាស្រម​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សីមួយខ្នង​ សំភារ​ប្រើប្រាស់​មួយ​ចំនួន​ ប្រាក់​ខ្មែរចំនួន​ជិត​១​លាន​រៀល ស្បង់​ចីវរ ​សៀវភៅ​ធ​ម៌ និង​ទូរ​សព្ទ័​ដៃ​ចំនួន​១​គ្រឿង។ ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នេះ ​មិនបាន​បណ្តាល​ឱ្យ​មានគ្រោះថ្នាក់ដល់​មនុស្ស​ណា​ម្នាក់​ឡើយ៕