​ភ្នំពេញ​៖ បន្ទាប់​ពី​ជាប់​ឃុំនៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ខេត្ត​ត្បូងឃ្មុំ អស់រយៈពេលជាង​១​ឆ្នាំនោះមក ​លោក កឹ​ម សុខា អតីត​ប្រធាន​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បានតុលាការ​ដោះ​លែង​ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីវេលាទៀបភ្លឺ ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨។

យោងតាមដីកា​បង្គាប់​ឲ្យ​ដោះ​លែង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បានមានខ្លឹមសារ​ថា​ «​បង្គាប់​ឲ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣(ម​៣) ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ កឹ​ម សុខា ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ត្រូវ​បាន​តំណាង​អយ្យកា​រ ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ដែលប្រព្រឹត្ត​នៅក្នុង​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧។ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង នឹង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ការ​ដោះ​លែង​លោក កឹ​ម សុខា ត្រូវ​បាន​ប្រភព​ព័ត៌មានខ្លះលើកឡើងថា ដោយសារ​បញ្ហា​សុខភាព​របស់​លោក កឹ​ម សុខា ​ផង​ដែរ​។ លោក កឹ​ម សុខា បាន​ទៅ​ដល់​ផ្ទះ​របស់​លោក​នៅ​ខណ្ឌទួលគោក នៅ​វេលា​ម៉ោង​ប្រហែល៣​ទៀបភ្លឺ ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​។

លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ នៃទីស្ដីការគណៈរដ្ឋមន្រ្ដី បានសរសេរនៅលើគណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក នា​ព្រឹក ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ​នេះថា «លោក កឹ​ម សុខា បាន​ត្រូវតុលាការដោះលែងឲ្យ​នៅ​ក្រៅ​ឃុំ​ជាបណ្ដោះអាសន្ន​»។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​ចេញ​លិខិត​ប្រកាស​​ជូន​សាធារណជន​ថា ថ្វីបើលោក កឹ​ម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយសារ​សុខភាព​របស់​គាត់​ក្ដី ប៉ុន្តែ​លោក កឹ​ម សុខា មិន​អាច​រត់គេច​ខ្លួន​ពី​នីតិវិធីរបស់តុលាការ​បាន​ឡើយ ពីព្រោះចំណាត់ការ​របស់​ចៅក្រម​ស៊ើបសួរកំពុង​បន្តអនុវត្ត​នីតិវិធី​របស់​ខ្លួននៅ​ឡើយ​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «​ជន​ត្រូវ​ចោទ​ឈ្មោះ កឹ​ម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ “ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស” តាម​បញ្ញត្តិ​ មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សំណុំរឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ចំណាត់ការ​របស់​ចៅក្រម​ស៊ើបសួរ ដែល​កំពុង​បន្តអនុវត្ត​នីតិវិធី​របស់​ខ្លួន ស្រប​តាម​ច្បាប់​ជា​ធរមាន​»។

 

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយសារជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ»។ លោក កឹម សុខា ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់​ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។

បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូសរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។

ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើង​​ បន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕